ភ្នំពេញ៖ មានការចែករំលែក និងផ្ញើសាររំលែកទុក្ខជាហូរហែផ្ញើទៅកាន់អតីតតារាកំប្លែង និងចម្រៀងលោកស្រី ស៊ុន ណារីម៉ូនីកា ក្រោយពីលោកស្រីបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីដំណឹងមរណភាពរបស់ម្តាយបង្កើតអ្នកស្រី ។ ម្តាយរបស់អ្នកស្រីមានឈ្មោះ សេង សុខា អាយុ៧៩ ឆ្នាំ ។ លោកស្រីសេង សុខា ក៏ត្រូវបានគេស្គាល់ដែរថាជាជីដូនបង្កើតរបស់តារាសម្តែង និងបង្ហាញម៉ូដអ្នកនាង ប្រាសាទ ដាវីនផងដែរ។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ស៊ុន ណារីម៉ូនីកា បានបញ្ជាក់នូវសារនិងរូបថតអនុស្សាវរីយ៍ជាមួយម្តាយជាទីស្រលាញ់អ្នកស្រីដែលបានបញ្ជាក់ថា ម្តាយរបស់អ្នកស្រីបានឈឺ១០ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនដែលមានបញ្ហាអ្វីឡើយ ប៉ុន្តែដោយសារជំងឺដ៏ដ៏កាចសាហាវមួយនេះធ្វើឲ្យអ្នកស្រី និងកូនចៅត្រូវព្រាត់ប្រាស់ពីអ្នកម្តាយ ។ អ្នកស្រីស្នើឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន។
យោងតាមការបញ្ជាក់ពីអ្នកជិតដិតតារាចម្រៀង និងកំប្លែងរូបនេះបានបញ្ជាក់ថា ម្តាយរបស់អ្នកស្រី ស៊ុន ណារីម៉ូនីកា ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលមរណភាពកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២១នេះនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩អូឡាំពិក។
អ្នកស្រី ស៊ុន ណារីម៉ូនីកាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងដោយខ្លីថា ម្តាយរបស់អ្នកស្រីពិតជាបានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩ប្រាកដមែន គឺលឿនណាស់ត្រឹមតែមួយថ្ងៃប៉ុណ្ណោះម្តាយជាទីស្រលាញ់របស់អ្នកស្រីលាដោយគ្មានថ្ងៃវិលវិញឡើយ ហើយពេលនេះអ្នកស្រីនៅឆ្ងាយមិនអាចទៅទីណាបានឡើយ ហើយមុននេះលោកស្រីបានរៀបចំបាយសម្លខ្លះសែនពេ្រនជូនម្តាយពីចម្ងាយតែប៉ុណ្ណោះ ហើយពីរខែមកហើយដែលលោកស្រីមិនបានជួបមុខម្តាយ មកដល់ពេលនេះបែរជាចាកឆ្ងាយពីគ្នាទាំងមិនបានលា។ អ្នកស្រីពោលទាំងអួលដើមកថាពេលនេះនៅមិនទាន់បានដឹងនៅឡើយទេថាតើត្រូវរៀបចំពិធីបុណ្យឧទ្ទិសកុសលយ៉ាងដូចម្តេចជូនចំពោះអ្នកមានគុណនៅឡើយគឺកំពុងពិភាក្សាគ្នាថានឹងត្រូវធ្វើដូចម្តេចនោះ៕
ដោយ ៖ វឌ្ឍនា