ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី​៖​ សូមថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចម្លើយ និងការបកស្រាយរបស់រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដទៃទៀតដែលឆ្លើយតបទៅនឹងសំនួរ និងសំណូមពររបស់សមាជិករដ្ឋសភា

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​គណៈកម្មការទី៧ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្នុង​កិច្ចប្រជុំរវាងគណៈកម្មការទី៧ និងក្រសួងធម្មការ និងសាសនា​ បានបញ្ចប់ទៅនាថ្ងៃត្រង់ថ្ងៃដដែល ដោយឆ្លងកាត់នូវការពិភាក្សា សួរដេញដោលយ៉ាងផុលផុសពីបណ្តាសមាជិកសភាជាច្រើនរូប។ សំនួរ និងសំណូមពរទាំងអស់បានបង្ហាញពីការសង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ពីសមាជិករដ្ឋសភាលើវិស័យពុទ្ធចក្រ និងការប្រតិបត្តិជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះសរបញ្ជាក់ឱ្យឃើញពីការផ្តល់សារៈសំខាន់នៃវិស័យធម្មការ និងសាសនាក្នុងការដឹកនាំ និងអភិវឌ្ឍជាតិ ជាពិសេសការកសាងមូលដ្ឋានស្មារតី និងសីលធម៌សង្គម ដែលទាមទារការចូលរួមពីគ្រប់សាសនាទាំងអស់។ ដោយសារកត្តាពេលវេលា គណៈកម្មការបានស្នើឱ្យការតាំងពិភាក្សាដេញដោលបន្តក្រោមទម្រង់ជាលាយលក្ខណ៍អក្សរដើម្បីបន្តការងារនេះឱ្យបានគ្រប់ជ្រុងជ្រោយ។ 

នាចុងបញ្ចប់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចម្លើយ និងការបកស្រាយរបស់លោករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងដទៃទៀតដែលបានឆ្លើយតបទៅនឹងសំនួរ និងសំណូមពររបស់សមាជិករដ្ឋសភា។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មការទី៧ សូមថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងទាំងអស់ចំពោះការចំណាយពេលវេលាចូលរួមក្នុងជំនួបនេះប្រកបដោយអត្ថន័យខ្លឹមសារ និងកិច្ចសហការល្អ និងបានផ្តាំផ្ញើសូមឱ្យថ្នាក់ដឹកនាំបន្តការគិតគូរដល់សុខទុក្ខ និងជីវភាពមន្រ្តីរាជការក្រោមឱវាទ ក៏ដូចជាព្រះសង្ឃនៅតាមទីវត្តអារាមក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖