ភ្នំពេញ ៖ ក្នុងឱកាសទស្សកិច្ច របស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបចរចាអំពីទំនាក់ទំនងកម្ពុជា-ចិនជាមួយសម្តេចអគ្គមហាសេនាបតីតេជោ។ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានជួបសន្ទនា និងរៀបចំអាហារការងារពេលព្រឹកជូនលោកវ៉ាង យី។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីខែមិថុនា ឆ្នាំ២០២០។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរចំពោះ រដ្ឋាភិបាលចិនដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួន៦១៥.៦១២តោន ចេកបានចំនួន២៧២.០២៣តោន និងស្វាយបានចំនួន២១១តោន នាពេល៨ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-១៩ នឹងជួយដល់ពលករដែលត្រលប់មកពីប្រទេសថៃបានប្រកបការងារកសិកម្ម។ទន្ទឹមនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរអោយចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ។ល។
រំលឹកអំពីការអនុវត្តគម្រោងនានាជាបន្ទាន់ក្រោយពីប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ មិថុនា ២០២០ បញ្ជីគម្រោងដែលត្រូវអនុវត្តន៍បន្ទាន់(To Do List) លោកឧបនាយករដ្ឋមន្ត្រី បានលើកជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ លេខ៣១ និងផ្លូវជាតិលេខ៣ គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកថា ផែនការសកម្មភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣) ដែកទាក់ទងគ្រប់ស្ថាប័នរួមទាំងគណបក្សប្រជាជនកម្ពុជា និងនីតិប្បញ្ញត្តិ។ល។ តើគួរប្រជុំថ្នាក់អគ្គលេខាធិការគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាល ឬទេ ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចការអនុវត្តន៍បន្ដ។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកថាគួរពិចារណារកពេលសមស្របរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើបញ្ចូលក្រសួងបរិស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលខាងកម្ពុជា ដែលសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីបានយល់ស្របដ៏ខ្ពង់ខ្ពស់ហើយ។
ក្នុងឱកាសនោះដែរលោកវ៉ាង យី បានឆ្លើយតបជាអាទិ៍ដូចតទៅ៖
-ជម្រុញការសាងសង់ផ្លូវជាតិលេខ៧១C
-បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០Km
-យកចិត្តទុកដាក់ និងជម្រុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង
-ស្នើអោយសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រងCasino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ៕
ដោយ៖ស សម