ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសលោកខាងលិចពិភាក្សាគ្នាស្ទាក់ស្ទើរ រីឯចិនមិនបង្អង់នោះឡើយបានផ្តល់ជំនួយជាបន្ទាន់ដល់អាហ្វហ្គានីស្ថាន

ចែករំលែក៖

ក្នុងពេលដែលក្រុមអ្នកជំនួយអន្តរជាតិ ពិសេសគឺប្រទេសលោកខាងលិចបានជួបប្រជុំគ្នានៅ ទីក្រុងហ្សឺណែវ ប្រទេសស្វុីស នាថ្ងៃទី១៣ខែកញ្ញា ដើម្បីពិភាក្សាគ្នាស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ក្រោមរបបដឹកនាំរបស់ក្រុមតាលីបង់ ។ ក្នុងពេលដែលប្រទេសលោកខាងលិចកំពុងពិភាក្សាគ្នានោះ ចិននិងប៉ាគីស្ថាន មិនបង្អង់យូរឡើយបានផ្តល់ជំនួយភ្លាមៗដល់អាហ្វហ្គានីស្ថាន។ សេដ្ឋកិច្ចអាហ្វហ្គានីស្ថានស្ថិតនៅក្នុងដំណាក់កាលវិបត្តិទ្រង់ទ្រាយធំដោយសារសង្គ្រាមអូសបន្លាយ ។ ចំណែកអាមេរិក និងប្រទេសលោកខាងលិចដែលបានកាន់កាប់បំផ្លាញអាហ្វហ្គានីស្ថាននៅស្ទាក់ស្ទើរមិនទាន់សម្រេចផ្តល់ជំនួយនៅឡើយ ។
ក្នុងពេលនេះដែរ អង្គការសហប្រជាជាតិ (UN) កំពុងរៀបចំសន្និសីទមួយនៅទីក្រុងហ្សឺណែវនៃប្រទេសស្វុីសនាថ្ងៃចន្ទនេះ ដើម្បីស្វែងរកថវិកាជំនួយជាង ៦០០លានដុល្លារអាមេរិកសម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ហើយក៏បានព្រមានពីវិបត្តិមនុស្សធម៌នៅទីនោះផងដែរ ក្រោយក្រុមតាលីបង់ក្លាយជាអ្នកគ្រប់គ្រងអាហ្វហ្គានីស្ថាន។
ការបញ្ចប់យ៉ាងតក់ក្រហល់នូវ ជំនួយរាប់ពាន់លានដុល្លាររបស់អន្តរជាតិ ក្រោយការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាស់ ដែលគាំទ្រដោយក្រុមបស្ចិមប្រទេស និងការឡើងគ្រប់គ្រងប្រទេសដោយតាលីបង់ បានដាក់បន្ទុកធ្ងន់ធ្ងរលើកម្មវិធីជំនួយរបស់ UN។ ម៉្យាងវិញទៀតនោះ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្លែងថា ស្ថាប័នលោកកំពុងតែជួបទុក្ខលំបាកយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ។
ក្នុងចំណោមថវិកា ៦០៦លានដុល្លារ ដែលUNចង់បាន ជាង៣០ភាគរយ នឹងត្រូវប្រើប្រាស់ដោយអង្គការស្បៀងអាហារពិភពលោក (WFP) របស់ UN។ បើតាមប្រភពពី UN និងអង្គការមនុស្សធម៌ សូម្បីមុនពេលក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុលកាលពីខែមុនទៅទៀត គឺពាក់កណ្តាលនៃប្រជាជនអាហ្វហ្គានីស្ថានសរុប ឬស្មើនឹង១៨លាននាក់ទៅហើយ រស់នៅដោយពឹងផ្អែកលើជំនួយ៕ (ដោយ៖ធីរីណា)

រូបថត៖Reuters 


ចែករំលែក៖