ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ទិញរថយន្ត១គ្រឿងយកទៅប្រើប្រាស់ តែមិនព្រមសងលុយគេ ត្រូវម្ចាស់គេប្តឹងប៉េអឹមចាប់បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានចាប់បញ្ជូនស្ត្រីម្នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៩ ៨ អ.យ.ថ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៀក ស្រីណែត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះលេខ៣៩៩EO ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីជនសង្ស័យរូបនេះ បានទិញរថយន្ត ១គ្រឿងពីជនរងគ្រោះ រួចហើយព្យាយាមបោកបញ្ឆោត ភូតភរគេចវេសមិនព្រមបង់ប្រាក់ និងបានយករថយន្តទៅលាក់ទុកថែមទៀតផង ។ 

ដោយទង្វើជនសង្ស័យមានគំនិតទុច្ចរិត ទិញរថយន្តគេ១គ្រឿងហើយយកទៅប្រើប្រាស់ រួចគេចវេសមិនសងលុយទៅដើមបណ្តឹងនោះ ទើបត្រូវគេទៅប្តឹងសមត្ថកិច្ច និងស្ថាប័នអយ្យការឲ្យជួយចាត់ការតាមផ្លូវច្បាប់នោះ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖