ភ្នំពេញ ៖ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនបុរសម្នាក់រួចមក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនជាប់ចោទទៅកាន់សាលាដំបូងពាក់ព័ន្ធនឹងបទល្មើសឆបោក ។
ប្រភពបានឱ្យដឹងថា ជនជាប់ចោទដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ អាន អេង អាយុ៤៨ឆ្នាំ រស់នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល មានមុខរបរជាកសិករសម័យទំនើប ។
សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ អាន អេង គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៦២ ដចន ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ របស់ចៅក្រម សាន ប៊ុនធឿន ជាចៅក្រមសើបសួរ ដែលបាចោទប្រកាន់ឈ្មោះ អាន អេង ពីបទឆបោក ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ។
លុះមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នគរបាលខេត្តកណ្ដាល បានប្រទះឃើញឈ្មោះ អាន អេង នៅចំណុចភូមិព្រែក យាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ក៏ឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនជាប់ចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ រ៉ារ៉ា