ព័ត៌មានទាន់ហេតុការណ៍៖

វិមានឈ្នះ ឈ្នះគ្រោងនឹងបើកអោយ មហាជន ចូលទស្សនា នាពាក់កណ្តាល ខែ កញ្ញា ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ វិមានឈ្នះ ឈ្នះ មានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្ថិតនៅចំពីមុខ ពហុកីឡដ្ឋានជាតិ មរតកតេជោ គ្រោងនឹងបើកឱ្យមហាជន ចូលទស្សនា និង សិក្សាស្រាវជ្រាវ នៅវិមានឈ្នះ ឈ្នះ ឡើងវិញនាពាក់កណ្តាល ខែ កញ្ញា ឆ្នាំ ២០២១ នេះ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាច្រើនខែ អនុវត្តតាមវិធាន ការរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ 

អនុវត្តតាមការណែនាំរបស់គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ក៏ដូចជាការណែ នាំចង្អុលបង្ហាញដោយផ្ទាល់ពីក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ  ក្នុងការបើកវិមានឈ្នះ ឈ្នះឡើងវិញ អោយមហាជនចូលទស្សនានេះ ក្រុមការងារវិមាន ឈ្នះ ឈ្នះ បានត្រៀមលក្ខណៈរៀបចំវិមាន ឈ្នះ ឈ្នះ អោយមហាជនចូលមកទស្សនា ឬសិក្សាស្រាវជ្រាវ ដោយត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការរក្សាគម្លាត ការពាក់ម៉ាស់ ជាពិសេសការអនុវត្តិវិធានការរបស់សម្តេចតេជោ ៣ ការពារ និង ៣ កុំ ។

 ទន្ទឹមនឹងការប្រុងប្រៀបបើកវិមានឈ្នះ ឈ្នះនេះដែរ ក្រុមការងារវិមាន ឈ្នះ ឈ្នះ  ក៏បានខិតខំធ្វើអនាម័យ-ការជួសជុល និងថែទាំ នៅក្នុងបរិវេណវិមានឈ្នះ ឈ្នះដូចជា  ដូចជាកាត់ស្មៅ ជួសជុលឥដ្ឋការ៉ូ ម៉ាប កាំជណ្តើរ សំអាតផ្លូវដើរតាមសួនច្បារ ចេញ ចូលវិមាន ស្រោចទឹកសួនច្បារ។ ចំណែកនៅអាងបាញ់ទឹក ក្រុមការងារវិមានឈ្នះ ឈ្នះ បានប្រមូលសំរាម សំអាតស្លែ ដែលនៅជាប់ផ្ទៃអាងទឹក ស្លែជាប់ទុយោនិងភ្លើងបំភ្លឺ នៅក្នុងអាងបាញ់ទឹក ដោយធ្វើការបាញ់ទឹក ជូតលាងសំអាត ឡើងវិញ ។ 

ដោយឡែកនៅក្នុងសារមន្ទីរមគ្គុទេសក៍សម្តេចតេជោ ដែលបានដាក់តាំងបង្ហាញផ្ទាំងគំនូរស្តីពីប្រវត្តិនៃទិវាចងចាំដំណើរឆ្ពោះ ទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ១៩៧៧  និងមានតាំងរូបថត ផ្ទាំងគំនូរ និង ដាក់តាំង   សំភារៈ ផ្សេងៗរបស់សម្តេចតេជោ ដែលបានប្រើប្រាស់កាលពីទស្សវត្សទី៧០ រហូត មកដល់ទស្សវត្សទី ៨០ និងបង្ហាញពីភូមិ សាស្ត្រ នៃការអនុវត្តិនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន ក្នុងយោធ ភូមិភាគទី៣ ទី៤ និងយោធភូមិភាគទី៥  ត្រូវបានក្រុមការងារវិមានឈ្នះ ឈ្នះ ធ្វើការបោសជូត សំអាត បូមធូលី អោយបានល្អស្អាតឡើងវិញ ។

សូមបញ្ជាក់ថា៖ វិមានអនុស្សាវវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្រោយពីបានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានទទួល ការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ  អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និស្សិត សិស្សានុ សិស្ស នៅទូទាំងប្រទេស ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ បានចូលមកទស្សនា ផ្តិតយករូបភាព សំណង់ប្រវត្តិសាស្ត្រមួយនេះ  ដែលជានិមិត្តរូប សន្តិភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖ សូរិយា


ចែករំលែក៖