ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត សង្កេតឃេីញថា សមត្ថកិច្ចមូលដ្ឋានតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលនៅជិតប្រជាពលរដ្ឋ ភាគច្រេីនបានបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដូចជាការទទួលពាក្យបណ្តឹង ការប្រេីប្រាស់ពាក្យសម្តី និងកាយវិការសមរម្យ ការយកចិត្តក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ បានឆាប់រហ័សជូនប្រជាពលរដ្ឋ ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោកស្នងការ បានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា ក៏នៅតែមានមន្ត្រីមួយចំនួនតូច នៅតែអនុវត្តការងារខាងលេីមិនទាន់បានល្អនៅឡេីយ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ ឆ្នាំ ដោយមិនបានធ្វេីជូនប្រជាពលរដ្ឋនោះទេ ។
ភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋលេីករណីយឺតយាវទាំងនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ ដេីម្បីដោះស្រាយ និងធ្វេីភ្លាមៗជូនប្រជាពលរដ្ឋ ដោយត្រឹមតែមួយថ្ងៃបានរៀបចំធ្វេីសៀវភៅគ្រួសារ និងប្រគល់ជូនគាត់ភ្លាមៗផងដែរ។
ដោយឡែកបេីនៅមានមន្ត្រីបម្រេីពលរដ្ឋមិនបានល្អ ប្រេីប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅមានការយឺតយាវខ្លាំង ដោយទទួលយកឯកសារពីប្រជាពលរដ្ឋហេីយ យកទៅទុកចោល បាត់ …ហេីយមិនបានធ្វេីទាន់ពេលវេលាជូនប្រជាពលរដ្ឋ សូមទាក់ទងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស៕
ដោយ៖សហការី