ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនិងថៃមានករណីឆ្លងកូវីដ-១៩ថយចុះ ជារឿងដ៏ប្រសើរសម្រាប់តំបន់ទាំងមូល

ចែករំលែក៖

ប្រទេសជិតខាងកម្ពុជាគឺវៀតណាមនិងថៃ មានករណីឆ្លងកូវីដ-១៩ ថយចុះខ្លាំង គឺជារឿងដ៏ល្អបំផុតដើម្បីឆ្ពោះទៅរកការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃទី១៤ ខែកញ្ញា ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ ចំនួន ១០,៥០៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៦,៣១២នាក់។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២៧៦នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៣៥,០៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយមានចំនួន ៣៩៨,៤៦១នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៥,៩៣៦នាក់។
ដោយឡែកនៅក្នុងប្រទេសថៃវិញ ក្រសួងសុខាភិបាលថៃនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៧៨៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១១,៥១៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៧១ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៣៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៤,៧៣៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៤០៦,៥៤២ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,៦២១នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,២៦២,៨៩៦នាក់៕ (ដោយ៖ធីរីណា)

រូបថត៖ TTXVN .VN


ចែករំលែក៖