ខេត្តស្វាយរៀង៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រួសបានឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានយកកាំបិតបុ័ងតោកាប់ទៅលើប្ដីបណ្ដាលឱ្យរងរបួសធ្ងន់ដោយសារតែប្ដីរូបនេះមានជំងឺហើយសុំលុយ២០ម៉ឺនរៀលតែប្រពន្ធជាជនដៃដល់នេះមិនឱ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិរវាង ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រួសបានឱ្យដឹងថា បុរសជាប្ដីដែលរងគ្រោះមានឈ្មោះ ប៊ុន សាវ៉ន់ អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។
ចំណែកស្ត្រីសង្ស័យជាប្រពន្ធមានឈ្មោះ ជួន ឡន អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមអ្នកភូមិបានឱ្យដឹងដែរថា មុនកើតហេតុគេឃើញ២នាក់ប្ដីប្រពន្ធនេះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយសារប្ដីមានជំងឺក្នុងខ្លួនហើយបានសុំលុយប្រពន្ធ២០ម៉ឺនរៀលទុកទិញថ្នាំលេប ប៉ុន្តែប្រពន្ធមិនឱ្យក៏មានទំនាស់ពាក្យសម្តីគ្នា ហើយភ្លាមៗនោះស្រាប់តែប្រពន្ធ ទាញយកកាំបិតបុ័ងតោកាប់ទៅលើប្ដី ចំនួន៤កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។
ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំក្រួស។
ចំណែកជនសង្ស័យជាប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រួសដើម្បីចាត់ការតាមច្បាប់៕
ដោយ៖យឹម សុថាន