ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី និងថៃ មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ បើទោះបីប្រទេសទាំងនោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានច្រើនហើយក្តី។
ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសថា ចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះបានកើនឡើងដល់ទៅ ៨១% ហើយសិង្ហបុរីស្ថិតនៅក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេបំផុតលើពិភពលោក ។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ចាប់តាំងពីចុងខែសីហាកន្លងមក ដោយមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីដែលតា។ កាលពីថ្ងៃទី ១៣ខែកញ្ញាកន្លងមក សិង្ហបុរី មានករណីឆ្លងកូវីដ-១៩ចំនួន៦០០នាក់ គឺខ្ពស់ជាង៦ដង បើប្រៀបបធៀបនិឹង៣សប្តាហ៍កន្លងមក ។
តាមការលើកឡើងរបស់មន្ត្រីសុខាភិបាល ការចាក់វ៉ាក់សាំងនាពេលកន្លងមកបានជួយកាត់បន្ថយចំនួនអ្នកជំងឺធ្ងន់ចូលក្នុងមន្ទីរពេទ្យ។
ដោយឡែក នៅក្នុងប្រទេសម៉ាឡេស៊ីគិតត្រឹមដើមសប្តាហ៍នេះ មានពលរដ្ឋជាង៥៣%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ប៉ុន្តែប្រទេសនេះមានករណីឆ្លងកូវីដប្រមាណជា២ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយកាលពីថ្ងៃទី១១ខែកញ្ញា គឺមានអ្នកស្លាប់ដល់ទៅជិត ៦០០នាក់ក្នុងមួយថ្ងៃ។
ចំពោះការឆ្លងរាលដាលកើនឡើង
ខ្ពស់នេះ មន្ត្រីសុខាភិបាលម៉ាឡេស៊ី បានអំពាវនាវដល់ពលរដ្ឋបន្តពាក់ម៉ាស់ បញ្ចៀសតំបន់ប្រជុំជន បើទោះបីបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសហើយក្តី។ នៅក្នុងតំបន់ជាច្រើននៃប្រទេសម៉ាឡេស៊ីក៏បានចាក់វ៉ាក់សាំងដល់ទៅជាង៨០% ហើយដែរ ក៏នៅតែមានករណីឆ្លងកើនឡើងខ្ពស់ដដែល។
ចំណែកប្រទេសថៃវិញ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,៧៩៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៤៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៤,១៣៣នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីបានជាសះស្បើយមក៕ (ដោយ៖ធីរីណា)
រូបភាព៖ Reuters
រូបភាព៖AFP/TTXVN