ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កណ្ដាល​៖​ អញ្ជើញ​បើកដំណើរការអនុញ្ញាតឱ្យប្អូនៗ ក្មួយៗ សិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ បានចូលរៀនឡើងវិញ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានឱ្យដឹងថា​ ក្រោយពីទទួលបានអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាកម្ពុជា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង លោកបណ្ឌិតសភាចា្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ សាលារៀននៅទូទាំងខេត្តកណ្តាល​ បានបើកដំណើរការ អនុញ្ញាតឲ្យប្អូនៗ ក្មួយៗ សិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ បានចូលរៀនឡើងវិញ។ 

ជំនួសមុខឱ្យកងកម្លាំងទាំង៣ មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល សូមសម្តែងនូវអំណរសាទរ និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត គោរពជូនចំពោះសម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទិ ដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ ជាពិសេស សម្តេច បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ដល់កងកម្លាំង ក្រុមគ្រូពេទ្យជួរមុខ និងមន្រ្តីរាជការក្នុងតំបន់អទិភាព និងយុទ្ធការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ ចាប់អាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដើម្បីបង្កើនភាពសុាំក្នុងសហគមន៍ រហូត បានអនុញ្ញាតឲ្យដំណើរការបើកសាលារៀនឡើងវិញ នៅតំបន់ដែលមានហានិភ័យទាប នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនាពេលនេះ។ 

ស្ថិតក្នុងឱកាសនេះដែរ លោក​ គង់​ សោភ័ណ្ឌ​ សូមអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីដ៏ប្រណិតរបស់ប្រទេសជាតិយើងនាពេលអនាគត និងត្រូវបន្តគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្តេចតេជោ ដើម្បីការពារជំងឺកូវីដ-១៩  គឺ ៣.ការពារ និង ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP របស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ។ 

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ សូមជូនពរ លោកគ្រូ អ្នកគ្រូ និងប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ មានសុខភាពល្អ ជោកជ័យក្នុងការសិក្សា និងជៀសផុតពីការយាយីពីជំងឺកូវីដ-១៩៕

ដោយ​៖សហការី​


ចែករំលែក៖