ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ប្រគល់ម៉ាស់ចំនួន ៦០កេស (ស្មើនឹង ២១ម៉ឺនម៉ាស់) ជូនដល់មន្ទីរពេទ្យចំនួន ៣ ក្នុងរាជធានីភ្នំពេញ …!!

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃពុធ ទី ១៥ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ម៉ាស់ចំនួន ៦០កេស (ស្មើនឹង ២១ម៉ឺនម៉ាស់) ជូនដល់មន្ទីរពេទ្យចំនួន ៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមន្ទីរពេទ្យនីមួយៗទទួលបាន ម៉ាស់ចំនួន ២០កេស (ស្មើនឹង ៧ម៉ឺនម៉ាស់)។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ ដែលជាវីរជនជួរមុខ មានភាពឈ្លាសវៃក្នុងការគ្រប់គ្រង និងទប់ស្កាត់បានការចម្លងមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ។ លោកស្រី សូមជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យសូមមានសុខភាពល្អរឹងមាំ មានសុវត្ថិភាព និងជៀសឆ្ងាយពីជំងឺនានា ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកជំងឺទាំងឡាយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

តំណាងមន្ទីរពេទ្យ ដែលអញ្ជើញមកទទួលម៉ាស់នាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្រេចផ្តល់សម្ភារដ៏មានសារសំខាន់នេះជូនដល់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងតម្រូវការចាំបាច់បំផុតនាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ ប្រភពអំណោយម៉ាស់ខាងលើនេះជារបស់ សមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖