ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តព្យាយាមបើករត់គេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចស្តុបលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក toyota prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BC.8792 បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយស្ត្រីពីរនាក់ទៀត ដែលធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុត្រង់នឹងស្តុបលូប្រាំ បានបត់ឆ្វេងដៃស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌ផ្កាឈូកគ្មានស្លាកលេខបើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ ចំណែករថយន្តព្យាយាមបើករត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមឃាត់បានវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយករថយន្តមកទីតាំងកន្លែងកើតហេតុហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
ដោយ៖និនសុភ័ស្ត