ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមខ្លាំងមកពីអង់គ្លេស២ ទទួលបានលទ្ធផលល្អក្នុងវគ្គជម្រុះតាមពូល Champions League

ចែករំលែក៖

ក្រុមយក្សនៅអង់គ្លេសចំនួន២ក្រុម បានទទួលលទ្ធផលល្អក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២១។

ក្នុងនោះក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវ AC Milan ក្នុងលទ្ធផល៣ទល់២ ខណៈក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមខ្លាំងមកពីអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល៦ទល់៣។

ចាប់ផ្តើមប្រកួតក្នុងតង់ទី១ កីឡាករក្រុមហង្សក្រហម Liverpool បានព្យាយាមសម្រុកលើគូប្រកួតយ៉ាងខ្លាំង រហូតដល់នាទីទី៩ កីឡាករ Tomori របស់ក្រុម AC Milan បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង។ ប៉ុន្តែនៅនាទីទី៤២ និងនាទីទី៤៤ កីឡាករ Rebić និងកីឡាករ Brahim Díazរបស់ក្រុម AC Milan រកបានម្នាក់១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ AC Milan នាំមុខក្រុមហង្សក្រហម ក្នុងលទ្ធផល ២ទល់១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមហង្សក្រហម បានសម្រុកកាន់តែខ្លាំង រហូតដល់នាទីទី៤៨ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salahរកបាន១គ្រាប់សងវិញ ធ្វើឲ្យការប្រកួតកាន់តែតានតឹង រហូតដល់នាទីទី៦៩ ខ្សែការពារ និងជាប្រធានក្រុម Henderson រកបាន១គ្រាប់ចុងក្រោយ ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ។ ចប់ការប្រកួតក្រុមហង្សក្រហម Liverpool យកឈ្នះក្រុម AC Milan ក្នុងលទ្ធផល​៣ទល់២។

ចំណែកក្រុមមេឃខៀវ Man City បានបំបាក់ក្រុមភ្ញៀវ RB Leipzig ក្នុងលទ្ធផល៦ទល់៣ ដែល១គ្រាប់បើកឆាករកបានដោយកីឡាករ Aké នៅនាទីទី១៦ និង១គ្រាប់ទៀតជាការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងដោយកីឡាករ Mukiele នៅនាទីទី២៨។ ក្រុមភ្ញៀវមានឱកាសរកបាន១គ្រាប់សងវិញនៅនាទីទី៤២ ដោយកីឡាករ Nkunku ប៉ុន្តែនៅនាទីទី៤៥+២ ជិតចប់ការប្រកួតក្នុងតង់ទី១ កីឡាករ Mahrez រកបាន១គ្រាប់បន្ថែមទៀត ដោយសារស៊ុតបាល់ពិន័យ១១ម៉ែត្រក្រោយពីកីឡាករក្រុមភ្ញៀវធ្វើឲ្យមានកំហុស។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Man City បានព្យាយាមសម្រុកយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចរកបានគ្រាប់បាល់បានភ្លាមៗ ហើយនៅនាទីទី៥១ កីឡាករ Nkunku របស់ក្រុម Leipzig ដដែលរកបាន១គ្រាប់តាមវិញ។ ការប្រកួតកាន់តែស្វិតស្វាញរវាងក្រុមទាំង២ ដោយក្រុមភ្ញៀវស៊ុតបញ្ចូលទីមិនទាន់បានប៉ុន្មាននាទីផង កីឡាករ Grealish របស់ក្រុម Man City រកបាន១គ្រាប់បន្ថែមទៀត ហើយនៅនាទីទី៧៥ និងនាទីទី៨៥ កីឡាករ João Cancelo​ និងកីឡាករ Gabriel Jesus រកបានម្នាក់១គ្រាប់ ក្រោយពីកីឡាករ Angeliño របស់ក្រុម Leipzig ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។

លទ្ធផលនេះធ្វើឲ្យក្រុមមេឃខៀវ Man City ទទួលបាន៣ពិន្ទុពីការប្រកួតវគ្គជម្រុះដំបូងនៃក្របខ័ណ្ឌ Champions League ២០២១-២០២២ ឈរលេខ១ក្នុងពូល A។ ចំណែកក្រុមហង្សក្រហម Liverpool ទទួលបាន៣ពិន្ទុដូចគ្នាក្នុងពូល B នៃវគ្គជម្រុះសប្តាហ៍ទី១នេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖