ព័ត៌មានទាន់ហេតុការណ៍៖

ចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១ពាន់លាននាក់ហើយ គ្រប់ចំនួន២ដូស

ចែករំលែក៖

ចិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានជាង ១,០១ពាន់លាននាក់ហើយ ស្មើនឹង៧០%នៃពលរដ្ឋចិន គិតត្រឹមថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១។ សរុបចិនបានចាក់វ៉ាក់សាំងចំនួន ២,១៦ពាន់លានដូសហើយត្រូវបានប្រើប្រាស់។
សារព័ត៌មាន Bloomberg បានដកស្រង់ការប្រកាសរបស់គណៈកម្មាធិការសុខាភិបាលចិន(NHC)ដែលបានប្រកាសនៅថ្ងៃទី១៦ខែកញ្ញាថា ចិនបានឈានដល់កម្រិតនៃការចាក់វ៉ាក់សាំងបានរហូតដល់ទៅ៧០% ក្នុងរយៈពេលជិត១០ខែក្រោយការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាមជាផ្លូវការ។ មកទល់ពេលនេះមានវ៉ាក់សាំងចំនួន៦ប្រភេទ ផលិតនៅក្នុងប្រទេសចិនក៏ត្រូវបានអនុម័តឲ្យប្រើប្រាស់ផងដែរ ។ ពលរដ្ឋចិនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
ជាមួយនឹងល្បឿននៃការចាក់វ៉ាក់សាំង ចិនក្លាយជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗនៅលើពិភពលោក ។ នៅក្នុងប្រទេសអាមេរិក និងជប៉ុនមានពលរដ្ឋទើបតែជាងពាក់កណ្តាល ប៉ុណ្ណោះបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ចំណែកនៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់គឺចាក់បានជាង ៦០% ។ ដោយឡែកប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទីពីរនៅលើពិភពលោក ឥណ្ឌាទើបតែចាក់បាន១៥%ប៉ុណ្ណោះ។
នៅពេលនេះមានពលរដ្ឋពេញវ័យជាង ៩៧% នៅទីក្រុងប៉េកាំងបានចាក់វ៉ាក់សាំងគ្រប់ចំនួន ។ ក្រៅពីនេះនៅខេត្តក្រុងផ្សេងៗរបស់ចិនគឺបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានយ៉ាងតិច ៨០%ផងដែរ ៕(ដោយ៖ធីរីណា)

រូបថត៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ

 

 


ចែករំលែក៖