ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២១ និងទិសដៅសម្រាប់ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកម៉ុម សារឿន ឣភិបាល នៃគណ:ឣភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២១។ អង្គប្រជុំក៏បានរាយការណ៍អំពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ សង្គមក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ របាយការណ៍ស្តីពីលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្ត ព្រមទាំងរបាយការណ៍ពីការបើកសាលារៀនឡើងវិញក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ 

ដោយមានការអញ្ចើនចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក លេខាធិការដ្ឋាន និងសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត តាមរយៈប្រព័ន្ធអនឡាញ(Zoom) នៅសាលប្រជុំសាលាខេត្ត។

លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានមានប្រសាសន៍ជម្រុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ (ភូមិ ឃុំ មានសុវត្ថិភាព) នៅតាមក្រុង ស្រុក ឃុំសង្កាត់នឹងទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់គ្រប់រូបភាព នឹងការពារឲ្យបាន ធនធានធម្មជាតិ  ព្រមទាំងបង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទផងដែរ។ 

លោកអភិបាលខេត្តក៍បានបន្តជម្រុញបន្ថែម ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់នៅក្នុងពិធីបុណ្យកាន់បិណ្ឌខាងមុខនេះ និងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិ ខិតជិតមកដល់នៅថ្ងៃខាងមុខ។ និងបន្តការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅថ្ងៃខាងមុខនេះ។ 

ទន្ទឹមនឹងនោះដែរលោកអភិបាលខេត្ត ក៍បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចដំណើរនៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

និងជម្រុញឱ្យអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ និង ការិយាល័យអប់រំក្រុង ស្រុក ត្រូវបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាលអំពីគោលការណ៍ណែនាំ ចំពោះកិច្ចដំណើរការសាកល្បង បើកសាលាឡើងវិញ ដោយគិតគូរពីអនាម័យ និងវិធានការការពាររបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឲ្យបានគ្រប់ៗគ្នា គឺ៣កុំ និង៣ការពារ  នឹងការរៀបចំប្រព័ន្ធសិក្សាតាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានដាក់ចេញឱ្យអនុវត្តក្នុងដំណាក់កាលនៃបរិបទថ្មីនេះ៕

ដោយ៖មាស សុផាត


ចែករំលែក៖