ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។
ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមក ក្រុមហ៊ុនចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្ដើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ ក្រុមហ៊ុនទាំង០៣នោះ គឺទី១ ក្រុមហ៊ុន 800 Super/Gkcbal Action for Errorment Awareness Public Limited បានផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន០៥ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ទី២ ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់សេវាក្នុង តំបន់ទី២ ដែលមាន០៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន០៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។
ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ដូចខាងក្រោម៖
១. សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។
២. ត្រូវញែកសំរាម សំណល់រឹង ជា០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា៖
– សំរាមសើម៖ សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ
– សំរាមស្ងួតក្រដាស ក្រដាស ថង់ពណ៌ស។
កាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប…ត្រូវដាក់ក្នុង
បញ្ជាក់៖ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ដែលបានកំណត់ទាំង០២ប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។ បងប្អូនប្រជាពលរដ្ឋ អាចរកទិញថង់ទាំង០២ពណ៌ខាងលើនេះ នៅតាមបណ្តាទីផ្សារនានា។
៣. ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំ ជាមួយនឹងសំរាមសើម និងសំរាមស្ងួត។
បញ្ជាក់៖ ត្រូវទុកដាក់សំណល់ដែលបង្កគ្រោះថ្នាក់ទាំងនេះចូលក្នុងធុងសំរាម ឬប្រអប់ដោយឡែកឱ្យបាន ត្រឹមត្រូវ ក្រុមហ៊ុននឹងប្រមូលនៅរៀងរាល់ថ្ងៃអាទិត្យ។ ក្នុងករណីទុកដាក់ខុសពីការណែនាំនេះ ក្រុមការងារផាកពិន័យ នឹងធ្វើកំណត់ហេតុអំពីកំហុសឆ្គងលើកទី១។ បើនៅតែទុកដាក់ខុសទៀត នឹងទទួលការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងប្ដឹងទៅតុលាការ តាមកំហុសជាក់ស្តែង៕
ដោយ ៖ សំរិត