ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជាភ្លើងប្រចណ្ឌ ស្លាប់១របួសធ្ងន់២ តែសាច់ញាតិថាជារឿងមិនពិត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតនិង២នាក់ទៀតរងរបួសធ្ងន់ ខណៈអ្នកនៅជុំវិញកើតហេតុសង្ស័យថាស្នេហាត្រីកោណតែត្រូវសាច់ញាតិបដិសេធ រីឯសមត្ថកិច្ចមិនទាន់សន្និដ្ឋានជារឿងអ្វីឲ្យពិតប្រាដកទេ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅនៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត។

នគរបាលបានឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ អ្នកពាក់ព័ន្ធមាន ៖

១.ឈ្មោះ ដោយ សារ៉េត ភេទប្រុស អាយុ៣៤ ឆ្នាំរស់នៅក្នុងភូមិកើតហេតុ(ស្លាប់)នៅនឹងកន្លែង,

២.ឈ្មោះ អ៊ុំ ដានី ភេទស្រី អាយុ៣៦ ឆ្នាំម្ចាស់ផ្ទះកើតហេតុ(របួសធ្ងន់),

៣.ឈ្មោះ ហុង សុភក្រ ហៅថុង ភេទប្រុស (ជនដៃដល់)

៤.ឈ្មោះ សំរ៉ា ភេទប្រុស អាយុ៤៩ឆ្នាំរត់រួចមិនមានរងរបួស។

នគរបាលប្រាប់ថា៖ មុនឈានដល់កើតហេតុនៅម៉ោង១៨និង៣០នាទីថ្ងៃដដែលនៅតូបលក់ដូររបស់ស្ត្រីឈ្មោះ អ៊ុំ ដានី មានកាជួបជុំផឹកស៊ី មួយក្រុម អ្នកចូលរួមមានឈ្មោះ ដោយ សារ៉េត និងសំរ៉ា។ នៅពេលបុរសទាំង២កំពុងអង្គុយផឹកស៊ីនៅតូបស្ត្រីខាងលើស្រាប់តែជនសង្ស័យឈ្មោះ ហុង សុភក្រហៅ ថុង មិនដឹងដើរមកពីណាហើយស្រែកឡាំប៉ារករឿងដោយចោទស្ត្រីឈ្មោះអ៊ុំ ដានីថា ម្តេចនាងឯងហ៊ានក្បត់ចិត្តអញ ស្ត្រីរងគ្រោះឆ្លើយតបថាបងឯងគ្មានអីពាក់ព័ន្ធនឹងខ្ញុំទេ និងប្រាប់ថាឈ្មោះសំរ៉ា និង ដោយ សារ៉េតមកអង្គុយលេងទេ។

បន្ទាប់ពីស្ត្រីនោះនិយាយចប់ ជនបង្កនិយាយថាអញនឹងសម្លាប់ឲ្យងាប់ទាំងអស់ ពេលនោះជនបង្កបានដកកូនកាំបិតចុងស្រួចដង ពណ៌ខ្មៅ ចេញពីក្នុងជើងខោខាងស្តាំចាក់លើឈ្មោះ សំរ៉ា តែឈ្មោះ ដោយ សារ៉េត បានលោតទៅឃាត់ក៏ត្រូវជនបង្កចាក់ត្រូវចំ-ពោះ ជាច្រើនកន្លែងរត់ទៅដួលលើដងផ្លូវនិងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ក្រោយបង្កទៅលើឈ្មោះ ដោយ សារ៉េត ជនដៃដល់បានស្ទុះទៅចាក់ស្ត្រីរងគ្រោះត្រូវចំ-ពោះ រងរបួសធ្ងន់បន្ទាប់មកជននេះបានព្យាយាមប្រុងអារ-ក សម្លាប់ខ្លួនឯងតែត្រូវអ្នកស្រុកនាំគ្នាឃាត់ទាន់និងស្វាគមន៍យ៉ាងចាស់ដៃ ធ្វើឲ្យរងរបួសធ្ងន់លើផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីទាំងស្ត្រីរងគ្រោះ ឈ្មោះអ៊ុំ ដានី និងជនដៃដល់ផងដែរ។

ករណីនេះប្រភពនានាបានលើកឡើងផ្សេងគ្នាៗខ្លះសង្ស័យថាជារឿងស្នេហាត្រីកោណខណៈខ្លះថាអាចជារឿងប្រចណ្ឌខុសរឿងពីសំណាក់ជនបង្កព្រោះធាតុពិតស្ត្រីរងគ្រោះត្រូវសាច់ញាតិនិយាយថាមានប្តីមានកូនទៅហើយ។

សាច់ញាតិស្ត្រីរងគ្រោះបានប្រាប់តាមទូរស័ព្ទថាជនបង្កជាបុរសពោះម៉ាយកូន១នៅជិតផ្ទះជនរងគ្រោះដែរឯបុរសដែលស្លាប់ក៏នៅជិតគ្នា។ សាច់ញាតិបញ្ជាក់ថាស្ត្រីរងគ្រោះមានប្តី និងកូនប្រុសស្រី៣នាក់ប៉ុន្តែបុរសជាប្តីជាប់ធ្វើការងារជាសន្តិសុខកាស៊ីណូមួយនៅឯច្រកអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យហើយពេលនេះបុរសជាប្តីកំពុងមើលថែប្រពន្ធក្នុងមន្ទីរពេទ្យផងដែរ។ ចំពោះសមត្ថកិច្ចមិនទាន់ហ៊ានអះអាងជាករណីអ្វីឲ្យប្រាកដទាក់ទិននឹងរឿងឃាតកម្មនេះ ព្រោះជនដៃដលត្រូវរងរបួសធ្ងន់ និងស្ត្រីដែលពាក់ព័ន្ធក៏កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនផងដែរ៕

ដោយ៖ វណ្ណា


ចែករំលែក៖