ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស២គ្រឿងពាក់ស្លាកលេខតែមួយ ផ្អើលសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍សួរនាំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាព្រូស ចំនួន២គ្រឿង មានពាក់ស្លាកលេខដូចគ្នា ត្រូវបានម្ចាស់រថយន្តម្ខាងជួបចៃដន្យតាមផ្លូវ​ ឃាត់សួរនាំនិងប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅបុរីឈូក វ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តទាំង២គ្រឿង ម៉ាកព្រូស ពណ៌ស ស៊េរីឆ្នាំ២០១១ ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 2BK-4454 ដូចគ្នា។

ក្រោយពីឃាត់បានយកមកដាក់ទន្ទឹមគ្នា មានមួយគ្រឿង ស្កេនកូដចេញត្រឹមត្រូវ មានម្ចាស់ជាមន្ត្រីនគរបាល មានទីលំនៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែករថយន្ត មួយគ្រឿងទៀត ថ្វីដ្បិតពាក់ស្លាកលេខដូចគ្នាមែន តែស្កេនកូដមិនចេញ មានម្ចាស់អ្នកបើកបរជាជាងម៉ាសុីនត្រជាក់ នៅបុរីឈូកវ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅនឹងកន្លែងបានឱ្យដឹងថា មុនកើតហេតុ ម្ចាស់រថយន្តព្រូសមួយគ្រឿងជាមន្ត្រីនគរបាល បានប្រទះឃើញរថយន្តព្រូស ពាក់ស្លាកលេខដូចគ្នាជាមួយនឹងរថយន្តគាត់កំពុងបើកបរក្នុងភូមិសាស្ត្រខណ្ឌចំការមន ទើបបើករថយន្តដេញតាមពីក្រោយរហូតដល់ក្នុងបុរីឈូកវ៉ា២ ឈប់ចតដាក់ទន្ទឹមគ្នា ដូចគ្នានោះដូច ក៏ប្តឹងសមត្ថកិច្ចចុះទៅឃាត់ហៅនាំយកទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ។

រថយន្តទាំង២គ្រឿង និងម្ចាស់ទាំងសងខាង ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងទំនាក់ទំនងទៅជំនាញបច្ចេកទេសដើម្បីពិនិត្យឯកសាររៀងខ្លួន តើម្ចាស់រថយន្តមានស្លាកលេខពិតប្រាកដមួយណា ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖