ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការកោតសរសើរកុមារី ល្អហួស ថាសម្តែងបានយ៉ាងល្អក្នុងឈុតមួយក្នុងរឿង” ទុំទាវ”

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះឡើយ កុមារីល្អហួសដែលគេស្គាល់ថាជាតារាស្រីវ័យក្មេងកំពុងមានប្រជាប្រិយភាពខ្លាំងនោះបានលេចមុខក្នុងការសម្តែងឈុតខ្លីមួយដកស្រង់ចេញពីអក្សរសិល្ប៍ដ៏ល្បីល្បាញគឺរឿង”ទុំទាវ”។

តារាស្រីវ័យ១៣ឆ្នាំរូបនេះទទួលបានការកោតសរសើថាពិតជាមានទេពកោលស្យខ្ពស់មិនធម្មតា ឯរូបសម្រស់ក៏ស្រស់សោភានោះ។ 

វីដេអូតារា រូបនេះត្រូវបានបញ្ចេញកាលពីរាត្រីថ្ងៃទី១៦ ខែកញ្ញានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានដកស្រង់ត្រង់ឈុតទាវធ្វើដំណើរពីរាជវាំងមកជួបម្តាយដែលបានប្រើល្បិចធ្វើពុតជាឈឺដើម្បីបង្ខំទាវឲ្យរៀបការជាមួយម៉ឺនងួននោះ។ អ្នកទស្សនាជាច្រើនបានសម្តែងការពេញចិត្ត និងកោតសរសើរអំពីសមត្ថភាព ទេពកោសល្យនៃការសម្តែងរបស់កុមារីល្អហួស ព្រោះតែនាងអាចសម្តែងបានយ៉ាងសាកសមជាមួយនឹងឈុតឆាកបែបកម្សត់សម្រក់ទឹកភ្នែកនោះ ពោលគឺស្ទើរតែរកកន្លែងទាស់គ្មាន។ ភាពយន្តនេះក៏ត្រូវបានគេកោតសរសើរអំពីអំពីគុណភាពនៃការផលិតបានយ៉ាងច្បាស់ត្រជាក់ភ្នែកជាមួយទេសភាព ទិដ្ឋភាព និងការតុបតែងខ្លួនបានយ៉ាងសាកសម។ ទោះជាយ៉ាងណាក៏មានការលើកឡើងតិចតួចជុំវិញសាច់រឿងដែលក្នុងរឿងនេះម្តាយរបស់ទាវត្រូវបានគេហៅថាយាយផាន់នោះ ដែលតាមការពិតឈ្មោះយាយផាន់ ឬម៉ែផាន់ មិនមានឈ្មោះនៅក្នុងរឿងទុំទាវដែលជាស្នាដៃនិពន្ធរបស់ភិក្ខុ ងួន សោម នោះទេ ដែលឈ្មោះម៉ែផាន់ គឺមានតែនៅក្នុងអក្សរសិល្ប៍រឿង”ទាវឯក” របស់កវីនិពន្ធ នូ កន តែប៉ុណ្ណោះ។ 

  ទោះជាយ៉ាងណា អ្នកទស្សនាជាច្រើនលើកឡើងថាស្នាដៃនេះមានភាពល្អ ទាក់ទាញ និងមានគុណភាពខ្ពស់រួមទាំងការស្នើឲ្យតារាវ័យក្មេងរូបនេះបញ្ចេញឈុតឆាកក្នុងភាពយន្តនេះបន្ត ឬលើកយកស្នាដៃអក្សរសិល្ប៍ខ្មែរណាមួយថ្មីបន្ថែមទៀតដើម្បីសម្តែងឲ្យកូនខ្មែរបានដឹង។ 

  គួរបញ្ជាក់ដែរថា ល្អហួស មានកម្ពស់១.៥៦ម៉ែត្រ ទំងន់៣៦គីឡូ សម្បុរស្រអែម។ បច្ចុប្បន្ននាងសិក្សារៀនថ្នាក់ទី៧ នៅសាលា វេនស្ទើន អន្តរជាតិ។ នាងអាចនិយាយបាន៣ ភាសាបានយ៉ាងល្អ ដូចជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ។ នាងមានសមត្ថភាពផ្នែកសិល្បៈខាងរបាំបុរាណខ្មែរ នាងអាចរាំរបាំបុរាណខ្មែរបាន៧របាំយ៉ាងស្អាតនិងស្ទាត់ជំនាញ ដូចជារបាំ « របាំអប្សរា« « របាំថ្វាយព្រះពរ» «របាំជូនពរ » «របាំនារីជាជួរ» « របាំឈួយឆាយ » «របាំភួងនារី» «និងរបាំនាគបួងសួង »។ ក្រៅពីនេះ អាចសម្តែង ច្រៀងចម្រៀងបានទាំងបទសម័យ និងបទបុរាណបានយ៉ាងល្អរួមទាំងអាច រាំបានគ្រប់ចង្វាក់ប្រជាប្រិយខ្មែរយ៉ាងស្ទាត់ជំនាញ៕ 

  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖