នៅថ្ងៃទី១៧ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Lee In-young បានប្រកាសថា ការិយាល័យរបស់លោកនឹងសហការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង បើទោះបីកំពុងប្រឈមមុខតានតឹងដាក់គ្នាដោយការសាកល្បងមីស៊ីលនាពេលកន្លងមកក៏ដោយ ។
លោក Lee In-young បានប្រកាសដូចខាងលើនៅក្នុងព្រឹត្តិការណ៍ថ្ងៃចេញសេចក្តីប្រកាសរួមជាមួយទីក្រុងព្យុងយ៉ាងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយពេលនោះប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន និងមេដឹកនាំគីមជុងអ៊ុន បានចែករំលែកទស្សនៈស្តីពីកូរ៉េខាងជើងជាតំបន់មិនមានអាវុធបរមាណូ។
លោក Lee In-young បញ្ជាក់ទៀតថា « បើទោះបីមានក្តីបារម្ភពីការសាកល្បងមីស៊ីលពីរលើកកន្លងមករបស់កូរ៉េខាងជើងក្តី ប៉ុន្តែខ្ញុំជឿជាក់ថា ការប្តេជ្ញារបស់យើងគឺឆ្ពោះទៅរកសន្តិភាព »។ លោកបន្តទៀតថា ក្រសួងឯកភាពជាតិនឹងសហការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង ហើយនោះជាការចាំបាច់ដែលយើងត្រូវតែធ្វើ។ លោក Lee In-young សង្ឃឹមថា កូរ៉េទាំងពីរនិងអាមេរិក នឹងតភ្ជាប់កិច្ចពិភាក្សា គោរពគ្នាទៅវិញទៅមក ដើម្បីបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ។
កូរ៉េខាងជើងប្រឈមនឹងវិបត្តិកង្វះស្បៀងអាហារយ៉ាងខ្លាំង ដោយសារតែគ្រោះធម្មជាតិ និងការបិទខ្ទប់ប្រទេសដោយសារកូវីដ-១៩ ។ ដូច្នេះជំនួយមនុស្សធម៌គឺជារឿងដ៏សំខាន់សម្រាប់ពលរដ្ឋប្រទេសនេះ៕(ដោយ៖ធីរីណា)
រូបថត (ឯកសារ)៖ AFP/XVN.