ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCMបើកគៀរថយន្តព្រូសបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយមួយចំហៀង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាតៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCM បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅគៀរថយន្តព្រូសបណ្ដាលរងការខូចខាតផ្នែកខាងក្រោយមួយចំហៀង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីដ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តព្រូសមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2BC.6174 បើកបរដោយបុរសម្នាក់រួមដំណើរដោយគ្រួសារដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុដោយស្ថានភាពផ្លូវមានការកកស្ទះ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុនGCM ពណ៌ខៀវលាយសរ ពាក់ស្លាកលេខភ្នំពេញ5A .3038 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយបានគៀរថយន្តព្រូសបណ្ដាលរងការខូចខាតផ្នែកខាងក្រោយ ចំហៀងខាងឆ្វេងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងតំណាងរបស់ក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ង់ត៍ GCM យល់ព្រមយករថយន្តព្រូសទៅជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖