ព័ត៌មានទាន់ហេតុការណ៍៖

អ្នកផ្ទុកមេរោគអេដស៍​ និងស្ត្រីមានផ្ទៃពោះ ១៧នាក់ នៅក្រុងកំពត​ ខេត្តកំពត​ ទទួលបានការយល់ដឹងកាន់តែច្បាស់​ពីការលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន …!!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីកាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ ក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃកាកបាទក្រហមកម្ពុជា​ សហការជាមួយ​ ក្រុមការងារ​ឥស្សរជនឆ្នើម​ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពត​​ នៅថ្ងៃទី ១៨​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ បានរៀបចំពិធីផ្សព្វផ្សាយ​ ស្តីពី​ «ការលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន»​ ជូនដល់អ្នកផ្ទុកមេរោគអេដស៍​ និងស្ត្រីមានផ្ទៃពោះ ចំនួន ១៧នាក់ នៅភូមិកំពង់បាយខាងត្បូង​ សង្កាត់កំពង់បាយ​ ក្រុងកំពត​ ខេត្តកំពត។

ក្នុងឱកាសនោះ លោកស្រី​ លាងហៃ​ ជាវ​តាយ​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពត​ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា​ ខេត្តកំពត បានសម្តែងនូវក្តីរីករាយដោយបានជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់​ និងបានលេីកឡេីងពីគុណតម្លៃ​ ពីតួនាទី​ និងពីសកម្មភាពគំរូរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ទេីបអង្គការសហប្រជាជាតិបានមេីលឃេីញ​ និងទទួលស្គាល់ហេីយផ្តល់គោរមងារជូន​សម្តេច​ ជា​ឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ នៅឆ្នាំ២០០៦​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ នៅឆ្នាំ២០១១​។

ជាមួយគ្នានេះ​ បន្ទាប់ពីបានស្តាប់បទបង្ហាញពី​ លោកស្រី​​ មុំ​ ចន្ទី​ និងលោកបណ្ឌិត​ វ៉ា​ សុភ័ក្ត្រ​ លេខាធិការក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ រួចមក​ បងប្អូនស្ត្រី​ និងអ្នកផ្ទុកមេរោគអេដស៍ទាំងអស់​ បានបង្ហាញពីការយល់ដឹងរបស់ខ្លួនកាន់តែច្រេីន​ពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះបានទៀតទាត់​ និងសារសំខាន់នៃការធ្វេីតេស្តឈាមមុនពេលសម្រាល​ដេីម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន​ ដេីម្បីចូលរួមជាចរន្តជាតិមួយ​ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា​ នៅឆ្នាំ២០២៥។ 

ទន្ទឹមនឹងនេះ​ បងប្អូនប្រជាពលរដ្ឋទាំងអស់​ បានបង្ហាញពីភាពច្បាស់ការក្នុងការអនុវត្តតាមវិធានការរដ្ឋបាល​ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ 

សូមបញ្ជាក់ថា​ ស្ត្រីទាំង​ ១៧នាក់​ បានទទួលវត្ថុអនុស្សាវរីយ៍​ពីកាកបាទក្រហមកម្ពុជា​ ក្នុង​ម្នាក់ៗទទួលបាន​ ៖​ អង្ករ​ មី​​ ត្រីខ​​ ទឹកត្រី​ សម្ភារប្រេីប្រាស់​ កញ្ចប់អនាម័យ​ សម្ភារផ្ទះបាយ​ និងថវិកា​ ១០ម៉ឺនរៀល៕

ដោយ​៖សហការី​


ចែករំលែក៖