ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បែបហួសចិត្តនឹងមន្ត្រីគ្រាប់ល្ពៅ ធ្វើបាបប្រជាពលរដ្ឋ ទើបបង្ហោះសារលើផេកផ្លូវការយ៉ាងដូច្នេះថា, តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

សម្តេចតេជោ ហ៊ុនសែន បានថ្លែងលើកឡើងថា, យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់តាំងពិព័រណ៍ទេគឺសម្រាប់ជាចំណីអាហារ។

សម្តេចបន្តថា, ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។

សម្តេចតេជោបានលើកឡើងថា, ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។

សម្តេចបន្តថា, ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ។

ក្នុងករណី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាន Comment ចូលផេកសម្ដេចដោយជម្រាបគោរពជូនសម្តេចថា, ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំ សូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តា ជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុង គោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំ មានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាព សត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធ ទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការ សម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការ នេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេច តេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ ខ្ពង់បំផុតពីខ្ញុំបាទ។ 

ដោយឡែកលោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅរសៀលនេះបានថ្លែងយ៉ាងដូច្នេះថា, ករណីសាច់ពពែ១ក្បាល គឺជារឿងពិតដ៏តូចមួយមិនគួរអោយ​ សម្តេចតេជោ​ លោកឈឺក្បាលសោះឡេីយ។​ ប៉ុន្តែប្រជាពលរដ្ឋលោកយល់ច្បាស់ណាស់អំពីសេចក្តីស្រឡាញ់​ និងព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់​ សម្តេចតេជោ​ចំពោះពលរដ្ឋ​ ។ ពិតណាស់រាល់នូវបញ្ហាវិវាទអយុត្តិធម៌ទាំងឡាយអោយតែបានដល់ដៃសម្តេចហេីយគឺនឹងទទួលបានយុត្តិធម៌ជាមិនខាន។ 

លោករដ្ឋលេខាធិការបន្តថា, ដេីម្បីកុំអោយសម្តេចលោកឈឺក្បាល​ (ព្រោះលោកមានការងារប្រទេសជាតិធំៗជាច្រេីនដែលត្រូវដោះស្រាយ)​ គឺមានតែយេីងរួមគ្នាខិតខំដោះស្រាយបញ្ហាទាំងអស់គ្នាដោយភាពស្មោះត្រង់ឈរលេីគុណធម៌​ មេត្តាធម៌​ដែលបម្រេីផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ។ 

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖