ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់តូចចិត្តរឿងកូនមិនស្តាប់បង្គាប់ មកលោតទឹកពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយសារតូចចិត្តរឿងកូនមិនស្តាប់បង្គាប់ តែត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា នាំចុះមកខាងក្រោមស្ពានប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បានដើរនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន រួចធ្វើសកម្មភាពឡើងលើបង្កាន់ដៃស្ពានក្នុង គោលបំណងបម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពានជួយឃាត់ទាន់ពេលវេលា ។

ស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យរូបគាត់ឈានដល់ដំណាក់កាលមកលោតទឹកនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ គឺផ្តើមចេញពីមូលហេតុដែលកូនរបស់គាត់លែងស្តាប់ការប្រៀនប្រដៅរបស់គាត់ ធ្វើឲ្យគាត់មានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលប្រជាពលរដ្ឋជួយឃាត់ស្រ្តីរងគ្រោះនោះរួច ក៏នាំចុះមកគល់ស្ពានត្រើយខាងលិច ដើម្បីប្រគល់ឲ្យសមត្ថកិច្ច ធ្វើការណែនាំ និងទំនាក់ទំនងទៅសាច់ញាតិដើម្បីមកទទួលស្ត្រីរងគ្រោះទៅផ្ទះវិញ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖