ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សហការជាមួយ គណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីជំរុញ ការទប់ស្កាត់ ឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប គណៈកម្មការអន្តរក្រសួងបានបន្ថែម ទៅលើប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hit Linke) 115 សម្រាប់ខេត្តសៀមរាប (សូមចុចលេខ 115 រួចចុចលេខ 4 ) និងទោះបីជាទូរស័ព្ទរបស់លោក-អ្នក មិនមានលុយ ក៏អាចទូរស័ព្ទចូលបានដែរ។
សេចក្ដីប្រកាសព័ត៌មាននេះ ចាត់ទុកជាការជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប រួមទាំង ជនជាតិបរទេសទាំងអស់ ដែលមានចម្ងល់ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងជំងឺ កូរីដ-១៩។
សូមបញ្ជាក់ថា, រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៩ ខែកញ្ញា រហូតដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ និង រដ្ឋបាលខេត្តសម្រេចបិទផ្សាររលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១៕
ដោយ៖ សុខ ខេមរា