ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ជាមួយអ្នករួមដំណើរ២នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តដាច់កង់មុខ ចំហៀងខាងឆ្វេង ព្រមទាំងអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ០០ នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ២៨៩ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0097 បើកបរដោយនារីម្នាក់ រួមអ្នកដំណើរប្រុសស្រី២នាក់ទៀត តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តជ្រុលល្បឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យវៀចចេញពីជួរចំនួន៣កង់ ចំណែករថយន្តដាច់កង់មុខ ចំហៀងខាងឆ្វេងទៅមុខលែងរួច ហើយបណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ រួចបានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖