ខេត្តឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក ប៉ែន កុសល្យ បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមបើកឱ្យដំណើរការ ការបង្រៀន និងរៀនជាបណ្ដុំឡើងវិញនៅតាគ្រឹះស្ថានសិក្សាសាធារណៈរដ្ឋមួយចំនួន ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុ សិស្ស ទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវថែរក្សាអនាម័យជាប្រចាំដោយធ្វើការពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ឬ ជែល ការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំអោយមានការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ។
ដោយឡែកលោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងដែរថា ការបើកឲ្យដំណើរការសាលានេះដែរ ត្រូវបានអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) រួមមាន៖ ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កំដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ ហេីយទន្ទឹមគ្នានេះសាលារៀន ត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។
លោកប្រធានមន្ទីរ បានបញ្ជាក់ដែរថា៖ ការបើកដំណើរការបង្រៀន និងរៀនតាមបណ្តុំ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) សម្រាប់ជំហ៊ានទី១នេះ មានសាលារៀនសរុបចំនួន ១០៩សាលា ក្នុងចំណោមសាលារដ្ឋសរុបចំនួន ២៥៧សាលា៕
ដោយ៖សហការី