ភ្នំពេញ៖ នៅថ្ងៃទី២២-២៦ ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនិងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ។ បន្តមកសម្ពាធទាបដែលស្ថិតនៅចុងប្រព័ន្ធ ( ITCZ ) ស្ថិតនៅខាងកើតហ្វីលីពីនអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង ។ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅត្រង់ចន្លោះគីញើន ( Qui Nhon ) និងដាណាង ( Da Nang ) ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រេីន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រមួយចំនួន ៖ រាជធានីភ្នំពេញ ខេត្តកណ្កាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅបណ្កាខេត្ត
ជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម ព្រះវិហារ និងឧត្តរមានជ័យ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម។
យោងស្ថានភាពធាតុអាកាសដូចបានជម្រាបជួនខាងលើ សូមសាធារណជនជ្រាបជាព័តីមាន និងសូមបង្កើនការយកចិត្កទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕
ដោយ៖ សុខ ខេមរា