ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម៖ រថយន្តពីរគ្រឿងពន្លះគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលដែលបើករថយន្តឆ្លងផ្លូវត្រូវរថយន្តរបស់ក្រសួងសុខាភិបាលបុកពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៤នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤កែងនឹងផ្លូវវត្តអង្គតាមិញ នៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ រឿន សារ៉ាយ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាមន្ត្រីយោធា សព្វថ្ងៃស្នាក់នៅឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2X -4505 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវត្តអង្គតាមិញ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួនបានឆ្លងផ្លូវ ស្រាប់តែមានរថយន្តក្រសួងសុខាភិបាលមួយគ្រឿង(គ្មានស្លាកលេខ)ធ្វើដំណើរក្នុងល្បឿនលឿនពីលិចទៅកើតបានមកបុករថយន្តហាយឡេនឌ័រពេញទំហឹងវិលពីរជុំទៅបុកជាមួយនឹងបង្គោលភ្លើង បណ្ដាលឲ្យម្ចាស់រថយន្តហាយឡេនឌ័រគាបជាប់នៅក្នុងរថយន្ត ភ្លាមៗបងប្អូនប្រជាពលរដ្ឋចុះមកជួយគាស់រថយន្តដើម្បីយកបុរសដែលជាប់នៅក្នុងរថយន្តចេញ។ បន្ទាប់មកទើបទំនាក់ទំនងទៅរថយន្តសង្គ្រោះដើម្បីដឹកទៅមន្ទីរពេទ្យ តែជាអកុសលបុរសខាងលើបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់កន្លែងកើតហេតុ ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងដើម្បីយករថយន្តទាំង២ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ។

ចំណែកសពជនរងគ្រោះក្រោយពីពិនិត្យចប់សព្វគ្រប់ទើបសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖