ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប​បានអនុញ្ញាតឱ្យក្រុមដឹកជញ្ជូនចំនួន២២៣នាក់អាចដឹកស្បៀងអាហារនៅតំបន់ក្រហម បន្ទាប់ពីធ្វើតេស្តជំងឺកូវីដ-១៩លទ្ធផលអវិជ្ជមាន

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាលខេត្តសៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គុំសង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប និង “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្នៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញាកន្លងទៅនេះ​ រួចមក រដ្ឋបាលខេត្តបានរៀបចំតារាងអាជីវករដែលមានលក់ស្បៀងអាហារគ្រប់ប្រភេទជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩។ មកទល់ពេលនេះមានអ្នកដឹកជញ្ជូនចំនួន២២៣នាក់បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានលទ្ធផលអវិជ្ជមានដែលមកពីក្រុមការងារ«តោះទៅលេងសៀមរាប»ដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង។

ចំពោះ​ការរៀបចំនេះ គឺជាការសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ងាយស្រួលក្នុងបញ្ជាទិញនិងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅឋានដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។ រដ្ឋបាលខេត្តនឹងបន្តធ្វើតេស្តបន្តទៀត ចំពោះអ្នកសេសសល់ និងមានផែនការធ្វើតេស្តតាមរយៈពេលកំណត់ណាមួយសម្រាប់អ្នកដឹកជញ្ជូន។ ឧទាហរណ៍ អាចតម្រូវឱ្យធ្វើតេស្ត៧ថ្ងៃ ១០ថ្ងៃម្តង ឬ១៥ថ្ងៃម្តងជាដើម អាស្រ័យលើបច្ចេកទេសឬការកំណត់របស់សុខាភិបាល។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះគឺដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង។ ម្យ៉ាងទៀតសូមបងប្អូនបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចវិធានការរដ្ឋបាលខេត្ត ពិសេសបន្តអនុវត្ត៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន៕

ដោយ​៖សហការី​


ចែករំលែក៖