ភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនជាង១គីឡូក្រាមត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការបង្ហាញមុខជាសាធារណៈ។
គួររំលឹកថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោក តឹក សូនី នាយការិយាល័យ និងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវឈានទៅបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៤ ផ្ទះលេខ៣៩(បុរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញដោយដកហូតវត្ថុតាងរួមមាន៖
-មេតំហ្វេតាមីន(ICE)ទម្ងន់ ៦៦៨.៣៩ក្រាម។
-សារធាតុមិនច្បាស់លាស់ ១៦៤៦.៥៧ក្រាម។
-កាំភ្លើងខ្យល់៣ដើម
-ជញ្ជីងថ្លឹងគ្រឿងញៀន៣គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ស សម