ព័ត៌មានទាន់ហេតុការណ៍៖

លោកកើត ឆែ ណែនាំឱ្យមន្ត្រីត្រូវ ពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្នពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខក្នុងកិច្ចការងារទាំងអស់របស់រដ្ឋបាលរាជធានីភ្នំពេញ ។

    ការណែនាំបែបនេះរបស់លោកកើត ឆែបានធ្វើឡើង ក្នុងពិធីតែងតាំងមន្ត្រីរាជការ ៤រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

     ក្នុងពិធីនេះ ត្រូវបានប្រកាសតែងតាំងលោកស៊ុក សង្វាពេជ្រ មន្ត្រីឋានន្តរស័ក្តិ ថ្នាក់លេខ១ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោកជូ ម៉េងចាន់ ដែលត្រូវទៅកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ 

     លោក តុប សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជានាយករងទីចាត់ការរដ្ឋបាល ។

  លោក ជីវ សារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ជាប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាននៃទីចាត់ការរដ្ឋបាល និងលោក ថង វង្សសុវិឡា ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ជាអនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាល។

  ក្នុងឱកាសនោះលោកកើត ឆែបានមានប្រសាសន៍លើកឡើងថា៖ ការតែងតាំងមន្ត្រីរដ្ឋបាលរាជធានីខាងលើនេះ ធ្វើឡើង ក្រោយពី លោកជូ ម៉េងចាន់ នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទៅកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោកបន្តថា ការតែងតាំងមន្ត្រីនេះ គឺយើងមើលទៅលើសមត្ថភាពការងារនិងប្រសិទ្ធភាពការងាររបស់មន្ត្រីយើង ។ ការតែងតាំងនេះធ្វើឡើងឲ្យត្រូវតាមច្បាប់ផងនិងធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាពការងារផង។

     លោកកើត ឆែ ក៏បានណែនាំឲ្យមន្ត្រីទាំងអស់ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឲ្យរាជធានីភ្នំពេញរបស់យើង បានវិលទៅរកប្រក្រតីភាពឡើងវិញ ។ ត្រូវបំពេញការងារឲ្យបានម៉ឺងម៉ាត់និងមិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន មានឆន្ទៈក្នុងការងារ ត្រូវពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្នបច្ចុប្បន្ន ជាមួយនឹងការសាម្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អ ទើបការងារទទួលបានជោគជ័យ៕

ដោយ ៖ សំរិត


ចែករំលែក៖