ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យសាសនាដ៏ធំមួយរបស់ ពុទ្ធសាសនិកជនក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសាសនា។ បើទោះបីជាជាប់រវល់យ៉ាងណាក៏ដោយ ក៏មនុស្សម្នា ប្រុសស្រី ក្មេងចាស់ត្រូវតែចំណាយពេលយ៉ាងហោចណាស់១ថ្ងៃដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសលដល់ញាតកាទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកនាយ នៅតាមបណ្តាវត្តអារាមនានាដែលពួកគាត់មានសទ្ធាជ្រះថ្លា។
សម្រាប់ថ្ងៃទី០១ ឬបិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានាទូទាំងប្រទេសមានបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក្តី តែសម្រាប់ពុទ្ធសាសនិកជននៅតែសម្រុកទៅវត្តជានិច្ចមិនឱ្យអាក់ខានឡើយ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១នេះ នៅតាមវត្តមួយចំនួនដូចជាវត្តច្បារអំពៅ ខណ្ឌច្បារអំពៅ វត្តចិនដំដែកខាងជើង-ខាងត្បូង វត្តស្រះចកក្នុង ខណ្ឌដូនពេញ, វត្តនាគវ័ន ក្នុងខណ្ឌ ទួលគោក, វត្តញាណរង្សី ក្នុងខណ្ឌប្ញស្សីកែវជាដើម មានពុទ្ធបរិស័ទយ៉ាងច្រើន បានសម្រុកទៅធ្វើបុណ្យទានទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការមើលថែសន្តិសុខយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរនិងកម្លាំងសមត្ថកិច្ច ជាពិសេសវិធានការការពារកូវីដ-១៩ដែលរដ្ឋបាលរាជធានីភ្នំពេញបានណែនាំតាមវត្តអារាមកន្លងមក។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺនៅតាមបណ្តាវត្តទាំងនេះបានគោរពទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលដាក់ចេញដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលបានយ៉ាងល្អ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយពុទ្ធសាសនិកជនបានពាក់ម៉ាស់ វាស់កម្តៅ បាញ់អាល់កុល ជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់យ៉ាងល្អពីសំណាក់អាជ្ញាធរដែនដីផងដែរ ។ ប៉ុន្តែអ្វីជាការកត់សម្គាល់មួយទៀតនោះ គឺការរក្សាគម្លាតសុវត្ថិភាពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋភ្ញាក់រលឹកនិងចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋជាពុទ្ធបរិស័ទតែងប្រមូលគ្នាជាក្រុមដើម្បីធ្វើបុណ្យសាងកុសលជុំគ្នា ដោយការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងបរិច្ចាគបច្ច័យដើម្បីកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា ដោយចាប់ផ្តើមពីថៃ្ង១រោច ខែភទ្របទរហូតដល់ថៃ្ង១៥រោច ដែលមានរយៈពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌទី១៥ ដែលជាថៃ្ងបញ្ចប់ ហៅថា “ភ្ជុំបិណ្ឌ”គឺពីថ្ងៃទី២២កញ្ញាដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នាជាមួយឪពុកម្ដាយដើម្បីរៀបចំបាយសម្ល បង្អែម ផ្លែឈើផ្សេងៗជាចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅបុព្វការីជន មានមាតាបិតា ជីដូន ជីតា ញាតកាទាំង៧សន្តានដែលបានបែកកាយ រំលាយខន្ធទៅកាន់លោកខាងមុខ៕
ដោយ ៖ សំរិត