ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួននារីជនជាតិចិនបើករថយន្តបុកបុរសថ្មើរជើងម្នាក់ស្លាប់និងរេចង្កូតបុករះរថយន្ត៤គ្រឿងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរលើសំណុំរឿងនារីជនជាតិចិនម្នាក់បើករថយន្តជ្រុលទៅបុកបុរសថ្មើរជើងម្នាក់ស្លាប់និងរេចង្កូតទៅបុករះរថយន្ត៤គ្រឿងបន្ថែមទៀតនោះរួចមក ត្រូវបានចោទប្រកាន់ពីបទ «​បេីកបរដោយធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ​ តាមមាត្រា​ ៨៥​ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​»។

បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់លើរឿងក្តីនេះរួច ក៏បញ្ជូនទៅឲ្យចៅក្រមស៊ើបសួរបន្ត រហូតសម្រេចឃុំខ្លួនជនជាប់ចោទនៅពន្ធនាគារ​ជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ នៅត្រង់ចំណុចមុខក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នារីខាងលើនេះបានបើករថយន្តស៊េរីទំនើបម៉ាកRANGE ROVER ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-2013 តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនខណ:មកដល់ចំណុចកើតហេតុបានជ្រុលល្បឿនទៅបុកបុរសថ្មើរជើងម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្តក៏រេចង្កូតទៅបុករះរថយន្ត៤គ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តព្រមទាំងឃាត់នារីជាអ្នកបើកបរទៅការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុនឹងស្វែងរកសាច់ញ្ញត្តិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

បច្ចប្បន្នជនជាប់ចោទ ត្រូវបានបញ្ជូលទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖