ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគេារពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ រាជានុញ្ញាតឲ្យក្រុមគ្រូពេទ្យចិន ចាក់វ៉ាក់សាំងថ្វាយដូសទី២ នៅព្រះរាជដំណាក់ក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយអង្គក្សត្រទាំងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រខ្មែរ បានជ្រកកោនអស់កាលជាអង្វែងតរៀងទៅ។
សូមបញ្ជាក់ថា, នៅព្រះរាជាណាចក្រកម្ពុជា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានថ្លែងថា, ជាការគួរឱ្យកត់សម្គាល់ បើទោះជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថានឹងអាចងើប ឡើងមកវិញស្ថិតនៅក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០ ។
សម្តេចតេជោ បានថ្លែងទៀតថា, ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងសកលលោក ប្រជាជនជាងពីររយលាននាក់បានឆ្លង និងជាងបួនលាននាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនិងនេះ ពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចជាសកល តាមរយៈ ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានជាអាទិ ខ្សែចង្វាក់ផលិតកម្ម ការធ្លាក់ចុះនៃតម្រូវការ និងការផ្គត់ផ្គង់ទំនិញ សេវាកម្ម ទេសចរណ៍ គួបផ្សំនឹងការដាក់ចេញវិធានការរឹតត្បិតផ្នែករដ្ឋបាលក្នុងការធ្វើដំណើរ និងការ បិទខ្ទប់នៅតាមតំបន់ភូមិសាស្ត្រនានា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ មិនតែ ប៉ុណ្ណោះ ពិភពលោកក៏នៅតែបន្តប្រឈមមុខនឹងហានិភ័យ ដោយសាររលកថ្មីនៃជំងឺកូវីដ-១៩ និងការបំប្លែងថ្មីនៃវីរុសកូរ៉ូណា៕
ដោយ ៖ សិលា