គម្រោងបើកទ្វារទេសចរណ៍ សម្រាប់ខេត្តក្រុងចំនួន៥ នៅប្រទេសថៃត្រូវបានផ្អាករហូតដល់ខែវិច្ឆិកា ដោយសារតែការចាក់វ៉ាក់សាំងនៅតំបន់ខាងលើមិនទាន់គ្រប់ចំនួន៧០%នៃចំនួនពលរដ្ឋក្នុងតំបន់ទាំងនោះ។
លោក Thanet Phetsuwan អនុប្រធានប្រព័ន្ធផ្សព្វផ្សាយនិង បដិសណ្ឋារកិច្ច នៃនាយកដ្ឋានទេសចរណ៍ថៃTAT បានបញ្ជាក់ថា គម្រោងបើកទ្វារវិស័យទេសចរណ៍នៅខែតុលា នឹងត្រូវពន្យារពេលដល់ខែវិច្ឆិកាវិញ ក្រោយកិច្ចប្រជុំសម្រេចរវាង TAT និឹងក្រសួងសុខាភិបាលថៃ ស្តីពីការបើកទ្វារទេសចរណ៍ឡើងវិញ។ បច្ចុប្បន្ន ថៃនៅមានករណីឆ្លងកូវីដជាង១ម៉ឺននាក់ក្នុងមួយថ្ងៃនៅឡើយទេ។
ការសម្រេចពន្យារពេលបើកវិស័យទេសចរណ៍ស្ថិតនៅក្នុងខេត្តក្រុងចំនួន៥ ដូចជា Bangkok, Chiang Mai, Chon Buri, Phetchaburi និង Prachuap Khiri Khan ។ ជាមួយគ្នានេះ TAT នឹងតាមដានរាល់សកម្មភាពមុនពេលអនុញ្ញាតឲ្យហោះហើរឡើងវិញនៅខែមករាឆ្នាំ២០២២។ នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃបានប្រកាសថា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,២៥២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ជាមួយគ្នានេះក៏មានអ្នកជំងឺចំនួន១៤១នាក់បន្ថែមទៀតបានស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៣,៦៩៥នាក់ផ្សេងទៀតទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៥១១,៣៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ១៥,៧៥៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៣៦៦,៥៣៣នាក់។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៤.៧លានដូស ក្នុងនោះប្រជាជន ១៥.១លាននាក់ (២១.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕
ដោយ៖ធីរីណា