ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង។ 

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបជូនដល់ សាធារណជនជ្រាបថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ព្រមទាំងយោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (World Health Organization) ដែលបានណែនាំឱ្យប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ អាច មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនភាពសាំទប់ទល់នឹងវីរុសកូវីដ-១៩ ដូចនេះ (គ.វ.ក-១៩) សូមគោរព អញ្ជើញប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៦ឆ្នាំឡើង ដែលបានព្យាបាលជាសះស្បើយពីជំងឺកូរីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូចខាងក្រោម៖

-ចំពោះមន្ត្រីរាជការថ្នាក់ជាតិដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់ បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

-ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទូទៅ ដែលស្ថិតនៅក្រោមឱវាទរដ្ឋបាលរាជធានី-ខេត្ត ដែល បានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូម អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំង កូវីដ-១៩ មួយចំនួនទៀតដែលរដ្ឋបាលរាជធានី-ខេត្តកំពុងបើកដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលនៅសេសសល់។

ទន្ទឹមជាមួយគ្នានេះដែរ( គ.វ.ក-១៩.) សូមជម្រាបជូនដល់ លោក លោកស្រី ប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត សូមណែនាំបន្ថែមដល់ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ណែនាំទៅគ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ឱ្យផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមគោលដៅ ដែលបានជម្រាបជូនខាងលើឱ្យមានភាពរលូន។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ និងស្របពេលជាមួយបរិបទបច្ចុប្បន្នរនះ ដែលកំពុងមានការរាតត្បាតនៅលើ ពិភពលោក ក៏ដូចជានៅតាមបណ្តាប្រទេសនីមួយៗពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា ដែលកំពុងចរាចរយ៉ាងសកម្មនៅប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ (គ.វ.ក-១៩) សូមអំពាវនាវដល់លោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូន ព្រមទាំងក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំឡើង ក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី ៤ខែឡើង សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសរីរាង្គរបស់ខ្លួន និងភាពសុំាក្នុងសហគមន៍ សម្រាប់ទប់ទល់ពីការវាយលុកនៃវីរុសកូវីដ-១៩ កាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ-១៩. កាត់បន្ថយនូវអត្រា សម្រាករាកពេទ្យ ក៏ដូចជាកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖