ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តហាយឡេនឌ័រជ្រុលទៅបុករបងមន្ទីរសម្រាកព្យាបាល នីអូឡាយហ្វ៍ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BA-3892 តាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបងមន្ទីរសម្រាកព្យាបាលនីអូឡាយហ្វ៍ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ។ ក្រោយកើតហេតុ អ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកហៅរថយន្តស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ