ភ្នំពេញ៖ សម្រាប់ទិសដៅទៅមុខ, កម្ពុជានឹងបន្តអនុវត្តវិធានការបង្ការ, ព្យាបាល និង ចាក់វ៉ាក់សាំង ក៏ដូចជា រៀបចំក្របខ័ណ្ឌវាយតម្លៃហានិភ័យគ្រប់ជ្រុងជ្រោយ ដើម្បីបើកដំណើរការនូវសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញជាជំហានៗ ក្នុងស្មារតីប្រយ័ត្នប្រយែងខ្ពស់ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលនឹងប្រឹង ប្រែងជំរុញការវិនិយោគលើវិស័យសង្គមកិច្ច ពិសេសគឺការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្លើយតបឱ្យបានទាន់ពេល និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅនឹងជំងឺរាតត្បាតផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាអនាគត ។ នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា, ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនៃកិច្ចប្រជុំកំពូលនេះ, កម្ពុជាប្ដេជ្ញានឹងចូលរួមទៅតាមលទ្ធភាព និង ឧត្តមភាពប្រៀបធៀប ដែលខ្លួនមាន ជាអាទិ៍ ការបើកចំហ និង បង្កើតនូវបរិយាកាសអនុគ្រោះដល់សកម្ម ភាពផលិតនូវទំនិញសំខាន់ និង ចាំបាច់មួយចំនួន រួមមាន : ម៉ាស, ឧបករណ៍ការពារខ្លួន (PPE), និង ឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត ។ ការចូលរួមនេះ នឹងជួយសម្រួលដល់ពិភពលោក ក្នុងការទទួលបាននូវ ផលិតផលចាំបាច់ដែលមានគុណភាព, ឆ្លើយតបទៅនឹងតម្រូវការទាន់ពេល និង មានថ្លៃសមរម្យ ដោយ សារកម្ពុជាមានឧត្តមភាពប្រៀបធៀប លើកម្លាំង និង ថ្លៃពលកម្ម ។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការ វិនិយោគក្នុងវិស័យនេះបន្ថែមទៀត តាមរយៈការផ្តល់នូវការលើកទឹកចិត្ត និង ការសម្រួលនូវនីតិវិធីគ្រប់ បែបយ៉ាង ដើម្បីឱ្យការវិនិយោគទាំងនោះទទួលបានជោគជ័យ ។
សម្តេចតេជោ ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត និង ដៃគូអភិ វឌ្ឍន៍ ដែលបាន និង កំពុងបន្តផ្តល់ជំនួយគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ កម្ពុជាត្រៀម ខ្លួនជានិច្ច និង បន្តចូលរួមយ៉ាងសកម្ម តាមលទ្ធភាពរបស់ខ្លួន ជាមួយប្រទេសទាំងអស់ និង ភាគីពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បីនាំសកលលោកឱ្យត្រលប់មកស្ថិតនៅលើគន្លងនៃការអភិវឌ្ឍ និង វិបុលភាព ប្រកបដោយបរិយាបន្ន និង ចីរភាពឡើងវិញ ៕
ដោយ៖ សុខ ខេមរា