ខេត្តព្រះសីហនុ ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា, រសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវបេតុងវត្តលើមួយខ្សែនេះមានប្រវែង ៥០០ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ លូទឹកភ្លៀងអង្កត់ផ្ចិត ០,៦០ម៉ែត្រ ស្របផ្លូវម្ខាង និងលូមូលកាត់ទទឹងផ្លូវអង្កត់ផ្ចិត ០,៨០ម៉ែត្រ ចំណាយទឹកប្រាក់សរុប ១.៥៩៥.៥១៥.០០០រៀល សាងសង់ដោយក្រុមហ៊ុន អិនស៊ី គ្លូប៊ល ត្រេដ ឯ.ក ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២១។
បន្ទាប់មក លោកអភិបាលខេត្ត ក៏បានបន្តដំណើរអញើ្ជញទៅពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែជាគម្រោងអភិវឌ្ឍឆ្នាំ២០២២ តភ្ជាប់ពីចំណុចវត្តលើទៅស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវសាងសង់ផ្លូវឱ្យមានគុណភាព ស្របស្តង់ដារបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងទុកជាសម្បត្តិសាធារណ:របស់យើងទាំងអស់គ្នា ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សសម្រាប់កូនចៅរបស់យើងបន្តទៅមុខទៀត៕
ដោយ ៖ សិលា