ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារភ្លើងប្រចណ្ឌប្ដីចាក់សម្លាប់ប្រពន្ធរួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យនៅកំព្រា

ចែករំលែក៖

     ភ្នំពេញ ៖​ ជនដៃដល់ជាប្ដីបានដាច់ចិត្តចាក់សម្លាប់ប្រពន្ធជាទីស្រលាញ់របស់ខ្លួនរួចហើយក៏ធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ បន្សល់ទុកកូនប្រុសស្រី៤នាក់ឲ្យនៅកំព្រា។ ហេតុការណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២​និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៍​ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

   ជនដៃដល់ជាប្ដីមានឈ្មោះ​ឡោ សុភារី​ ភេទប្រុស អាយុ៦០ឆ្នាំ​ មុខរបរយោធិនពិការ​ ស្នាក់នៅផ្ទះជួលខាងលើ។

ចំណែកប្រពន្ធមានឈ្មោះអាំង ស៊ីគូ អាយុ៥២ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ​(អ្នកទាំងពីរស្លាប់នៅកន្លែងកេីតហេតុ​ )​ ។ 

    តាមសម្ដីកូនស្រីបង្កើតរបស់ជនរងគ្រោះទាំងពីរខាងលេីបានរៀបរាប់ឱ្យដឹងថា​ មុនពេលកើតហេតុឪពុករបស់គាត់តែងតែចោទម្ដាយរបស់គាត់ថាមានប្រុសថ្មី​ ដោយម្ដងចោទដាក់អ្នកនេះ​ ម្ដងចោទដាក់អ្នកនោះ​ គឺមិនមានភស្ដុតាងអ្វីច្បាស់លាស់នោះទេ ហើយឪពុកម្តាយគាត់បានឈ្លោះប្រកែកគ្នារយៈពេលបីថ្ងៃមកហើយ​ដោយសារតែភ្លើងប្រចណ្ឌ។លុះមកដល់យប់កើតហេតុ​ពួកគាត់ជាកូនៗបានឮសំឡេងក្ដុងក្ដាំងធ្វេីឱ្យភ្ញាក់ពីដំណេកដឹងខ្លួនឡើងឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរំុខ្លួនឆក់​សម្លាប់។ ពេលឃើញដូច្នេះ ពួកគាត់ជាកូនៗចង់ចូលទៅជួយដែរ តែដោយបន្ទប់ជាប់សោព្រមទាំងឮឪស្រែកព្រមានថា បើកូនណាហ៊ានជួយគាត់នឹងសម្លាប់ឱ្យអស់ រួចហើយឪពុកក៏បានធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ខ្លាំងណាស់។

    ក្រោយកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២បានចុះមកដល់ផ្ទះកើតហេតុហេីយបានយកខ្សែចងព័ទ្ធទីតាំងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញព្រមទាំងលោកគ្រូពេទ្យដើម្បីមកធ្វើសំណាក ។ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅអវិជ្ជមានក៏ប្រគល់សពទៅសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យបន្ត​ និងធ្វេីឯកសារប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖