ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានអំណោយជាថវិកា អង្ករ មី ម៉ាស់ និងអាល់កុល ពីលោកហ៊ុន ណេង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី តាមរយៈលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់និងសហការីព្រមទាំងគណៈបក្សមូលដ្ឋានឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកចំនួន៣០គ្រួសារក្នុងឃុំព្រែកកក់ ហេីយបាននាំយកអំណោយលោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ ។
ជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅពេល នោះ លោកឧត្ដមសេនីយ៍ ក៏បានផ្ដាំផ្ញើរដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។
អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន ៖
-អង្ករ២៥Kg
-មី០១កេស
-ម៉ាស់ ១ដុំ
-អាល់កុល១ដប
-ថវិកា១០០,០០០រៀល
ជូនក្រុមការងារឃុំថវិកា ៣០០,០០០រៀល ព្រមទាំងម៉ាស់និងអាល់កុលផងដែរ។
ក្រៅពីនោះ លោកបានដោះស្រាយសំណើការចំណាយរបស់គណបក្សមូលដ្ឋានឃុំនូវថវិកាចំនួន១២,៤៥៥,០០០រៀល ។ សរុបត្រូវចំណាយថវិកាសរុបអស់ចំនួន ២១,១៤៦,០០០រៀល៕
ដោយ ៖ វណ្ណៈ