ភ្នំពេញ៖ មុននេះទើបនឹងធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងអំពីករណីប្តីប្រពន្ធមួយគូបានបញ្ចេញព័ត៌មានថា តារាចម្រៀងល្បីឈ្មោះលោក អុីណូ គេចវេះមិនព្រមទូទាត់ប្រាក់ដែលបានជំពាក់ពួកគេ។ ករណីនេះបង្កើតឲ្យមានការហួសចិត្តមិនតិចឡើយ ព្រោះតែតារាចម្រៀងរូបនេះទើបតែនឹងប្រកាសបើកដំណើរការការាសលក់រថយន្តដែលមានតម្លៃរាប់សែនដុល្លារអាមេរិកនោះ។ ប៉ុន្តែពេលនេះអ្វីៗបានបញ្ចប់ហើយដោយលោកអុីណូថែមទាំងបង្ហាញពីជំនួញដែលកាន់តែកាក់កប ខណៈដែលខ្លួនលោកក៏ទើបនឹងសែនព្រេនទទួលយកនារីវ័យក្មេងម្នាក់មកធ្វើជាភរិយាថែមទៀតផង។
ក្រោយបិទបញ្ចប់ករណីចម្រូងចម្រាសរឿងជំពាក់ប្រាក់ក្រៅរបងតុលាការនោះតារារូបនេះស្រាប់តែមានយីអ៊ុនហក់ឡើងទៅវិញ។ ងាកមកមើលពីមុខរបររកស៊ី និងជីវិតស្នេហាវិញ តារាប្រុសរូបនេះមានយីអ៊ុនហក់ឡើងស្រឺតៗតែម្តង។ តាមការបញ្ជាក់របស់តារាប្រុសរូបនេះនៅតែបញ្ចេញរូបភាពនៃជំនួញផ្នែកលក់រថយន្តរបស់លោកនៅតែបន្តដំណើរការយ៉ាងរលូន ពោលគឺមានការលក់ចេញឥតមានលោះថ្ងៃណាឡើយ ដែលបញ្ជាក់បានថាលោកនៅតែឈរជើងយ៉ាងរឹងមាំជាមួយជំនួញមួយនេះ។ កាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺគេបានឃើញតារាប្រុសរូបនេះបានសែនព្រេនជាមួយយុវតីដ៏ស្រស់សោភាម្នាក់ដើម្បីទទួលយកគ្នាជាប្តីប្រពន្ធ។ នារីនោះមានឈ្មោះថាថៃ ម៉ានីតា អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ក្រោយពីរូបលោកនិងនាងបានស្រលាញ់គ្នា២ឆ្នាំ ហើយការ សែនព្រេនប្រពន្ធក្មេងជាស្រីស្អាតនេះគឺធ្វើឡើងដោយចំហមានទាំងចាស់ទុំទាំងសងខាងដឹងឮផងដែរ។
ក្រោយសែនព្រេនរួច អុិីណូបាននាំប្រពន្ធក្មេងជិះរថយន្តទំនើបថ្លៃកប់ពពកធ្វើដំណើរកម្សាន្ត និងបង្ហោះរូបថតបង្អួតអ្នកគាំទ្រ និងជាការបញ្ជាក់ដោយបើកចំហឥតលាក់លៀមអំពីរឿងមានប្រពន្ធនោះឡើយ។ លោកក៏បានបង្ហាញភាសាផ្អែមល្ហែមត្រជាក់ចិត្តដែលធ្វើឲ្យអ្នកគាំទ្រស្ទើរលើសជាតិស្ករម្តងម្កាលផងដែរ៕
ដោយ ៖ វឌ្ឍនា