តាមលទ្ធផលស្រាវជ្រាវរបស់មហាវិទ្យាល័យ Oxford ដែលបានប្រកាសនៅថ្ងៃទី២៧ខែកញ្ញានេះបានបង្ហាញឱ្យឃើញថា កូវីដ-១៩ បានធ្វើឱ្យអាយុកាលរបស់មនុស្សជាមធ្យមថយចុះខ្លាំងបំផុតនៅក្នុងឆ្នាំ២០២០ គឺជាការថយចុះមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ។ អាយុជាមធ្យមរបស់មនុស្សប្រុសថយចុះដល់ទៅជាងពីរឆ្នាំ។
តាមលទ្ធផលស្រាវជ្រាវ អាយុកាលជាមធ្យមនៃមនុស្សជាតិក្នុងឆ្នាំ២០២០ គឺថយចុះជាង៦ខែបើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ការស្រាវជ្រាវនោះធ្វើឡើងនៅប្រទេសចំនួន២៩ ស្តីពីអាយុកាលមធ្យមរបស់មនុស្សជាតិ។
ក្រុមអ្នកឯកទេសមកពីមហាវិទ្យាល័យ Oxford បានឱ្យដឹងថា ការថយចុះអាយុកាលរបស់មនុស្សគឺដោយសារតែបញ្ហាកូវីដ-១៩ ។ តាមរបាយការណ៍របស់សារព័ត៌មានរ៉យទ័រ មានពលរដ្ឋជិត៥លាននាក់ជុំវិញពិភពលោកស្លាប់ដោយកូវីដ-១៩ ។
លោកបណ្ឌិត Ridhi Kashyap អ្នកដឹកនាំការស្រាវជ្រាវបានឱ្យដឹងថា អាយុកាលរបស់មនុស្សប្រុសគឺថយចុះច្រើនជាងអាយុកាលរបស់មនុស្សស្រី ។ ចំពោះអាមេរិក អាយុកាលរបស់មនុស្សប្រុសគឺបានថយចុះដល់ទៅ២,២ឆ្នាំ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិត Ridhi Kashyap បានអំពាវនាវដល់បណ្តាប្រទេសជួយផ្តល់ទិន្នន័យឲ្យបានច្បាស់ដើម្បីវាយតម្លៃពីផលប៉ះពាល់ដោយកូវីដ-១៩ នៅលើសកលលោកយើងនេះ៕
ដោយ៖ធីរីណា(រូបថត៖Bloomberg)