ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ដែល បានប្រេីប្រាស់អាវុធបាញ់កម្សាន្តអារម្មណ៍ស្របពេលខ្លួនផឹកស្រាស្រវឹង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
ជននេះ ឃាត់ខ្លួននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនសីលាដឺមិច ស្ថិតភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ។
លោក វរសេនិយ៍ទោ ជូ ប៊ុន សុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលបន្ទុកការងារស្រាវជ្រាវ នឹងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ ឈន ភេទប្រុស អាយុ៣១ឆ្លាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។
លោកបន្តថា ជននេះបានយកកាំភ្លេីង AK47មួយដើមបាញ់ចំនួន៣គ្រាប់ ហេីយប្រជាពលរដ្ឋរាយការណ៍មកអាវុធហត្ថឃាត់ខ្លួនយកមកសាកសួរនាំ នៅបញ្ជការដ្ឋានអាវុធហត្ថខេត្ត ។ ជាក់ស្ដែង សមត្ថកិច្ចដកហូតវត្ថុតាងអាវុធAk47មួយដើមជាមួយគ្រាប់២៦គ្រាប់ ។
ជនសង្ស័យបានឆ្លើយបំភ្លឺនៅទីស្នាក់ការសមត្ថកិច្ចថា អាវុធAk47មួយដើមនេះខ្លួនបានលាក់ទុកនៅក្រោមដើមពុទ្រា ក្បែរផ្ទះឈ្មោះតាយ តឹម ដេីម្បីទុកបាញ់ សត្វ។ នៅមុនពេលកើតហេតុ ខ្លួននឹងមិត្តភក្ដិម្នាក់ទៀតបានផឹកស្រាស្រវឹង ហើយ យកកាំភ្លើងបាញ់៣គ្រាប់ទៅលើមេឃ តែផ្ទុះតែ២គ្រាប់ ៕
ដោយ ៖ វណ្ណៈ