ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១នេះមានការភ្ញាក់ផ្អើលនៅក្នុងចង្កោមអ្នកតាមដានវិស័យកញ្ញាឯកបន្ទាប់ពីស្ថាប័ន Miss Grand Cambodia បានបញ្ចេញសារព្រមានធ្ងន់ៗទៅកាន់គណៈកម្មការ Miss Cambodiaម្នាក់ និងជាអ្នកកាន់គណនីហ្វេសប៊ុកSupport Beauty Pageant ជុំវិញការប្រើប្រាស់ពាក្យមួយចំនួនដែលខ្លួនបានចាត់ទុកថាជាការលេងសើចបែបជាន់ពន្លិច និងមានគំនិតច្រណែនឈ្នានីសនោះ។
យោងតាមគណនីផ្លូវការរបស់ Miss Grand Cambodiaបានបញ្ចេញសារប្រតិកម្មអមដោយសារព្រមាននេះគឺបានធ្វើឡើងក្រោយពីគណនីហ្វេសប៊ុក Support Beauty Pageant បានបញ្ចេញសារថា «ជម្រាបសួរអ្នកទាំងអស់គ្នា Adminសុំសួរបន្តិច ថ្មីៗនេះខាងកម្មវិធីMiss Grand Cambodia ត្រូវបានលើកថ្ងៃជាបណ្តោះអាសន្នក្នុងវគ្គឈុតតំណាងខេត្ត Admin ឆ្ងល់ថាហេតុអ្វីMiss Cambodia Pageant និងMiss Cambodia រៀបចំការប្រកួតបាន? ប្រហែលខាងក្រុមហ៊ុនទាំងពីរបានសុំអនុញ្ញាតត្រឹមត្រូវពីក្រសួងហើយចំណែកឯខាងMiss Grand Cambodia ប្រហែលមិន… ហើយមើលទៅ។ និយាយមែន Admin អាណិតក្រុមការងារMiss Grand Cambodia បវរកញ្ញា, អ្នកMake Up ជាពិសេសបងៗអ្នកធ្វើឈុតតំណាងខេត្តហ្នឹងហ្មង»។
សារនេះហើយដែលបានបង្កើតឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ស្ថាប័នMiss Grand Cambodia រហូតដល់បញ្ចេញសារព្រមានដោយពាក្យធ្ងន់ៗថា«តាងនាមយើងខ្ញុំជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia សូមព្រមានជាផ្លូវការថា ម្ចាស់កាន់ផេកនេះឈ្មោះ កញ្ញា និមល ដែលជា គណៈកម្មការ Miss Cambodia សូមមេត្តាកុំយកឈ្មោះ Miss Grand Cambodia ទៅលេងសើចដើម្បីជាការជាន់ពន្លិច ហើយពីថ្ងៃនេះទៅឈប់យកការងារណាដែលពាក់ពន្ធ័នឹង Miss Grand Cambodia ទៅចុះផ្សាយទៀត ប្អូនស្រីមិនបានលើកស្ទួយអ្វីទេ និស្ស័យនិងសន្តានគំនិតរបស់ប្អូនមានតែការច្រណែនឈ្នានីស មិនចង់ឱ្យកូនខ្មែរដើរទៅមុខទេ ឈប់ពីពេលនេះតទៅបើមិនឈប់ទេ Miss Grand Cambodia និឹងចាត់ការតាមផ្លូវច្បាប់ហើយ សូមអរគុណ !”។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia 2021 បានចាប់ផ្តើមធ្វើការផ្សាយលើកម្មវិធីប្រកួត ឈុតហែលទឹកកាលពីថ្ងៃទី២០ ខែកញ្ញាកន្លងមកនេះ។ តាមគម្រោងកម្មវិធីនឹងរៀបចំកម្មវិធីប្រកួតឈុតតំណាងជាតិនៅថ្ងៃទី២៣ ខែកញ្ញា ដែលវគ្គប្រកួតបឋមគ្រោងធ្វើនៅថ្ងៃទី២៤ខែកញ្ញា និងកម្មវិធីផ្តាច់ព្រ័ត្រដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែកញ្ញា ប៉ុន្តែស្រាប់តែមុនពេលការប្រកួតឈុតតំណាងជាតិត្រឹម២ម៉ោងប៉ុណ្ណោះកម្មវិធីត្រូវបានប្រកាសផ្អាកការប្រកួតដោយយោងតាមការណែនាំរបស់រាជរដ្ឋាភិបាលបានប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្តុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ កម្មវិធីជាច្រើនត្រូវបានលើកពេលវេលាជាបន្តបន្ទាប់ ហើយរហូតមកដល់ល្ងាចថ្ងៃទី២៨ ខែកញ្ញានេះគេនៅមិនទាន់បានដឹងនៅឡើយទេថាតើកម្មវិធីនេះនឹងបន្តដំណើរការយ៉ាងដូចម្តេចទៀត៕
ដោយ ៖ វឌ្ឍនា