ភ្នំពេញ៖ រថយន្តក្រឡុកស៉ីម៉ងត៍បើកវ៉ាគេឯងរួចបត់ស្ដាំខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យកៀររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកLexus NX200t បណ្តាលឱ្យខូចខាតតួរថយន្តមួយចំហៀង តែសំណាងល្អមិនបណ្ដាលឲ្យមានរបួសដល់មនុស្សឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម ក្នុង មូលដ្ឋានសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Lexus NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-7891ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចភ្លើងស្តុបកែងមហាវិថីព្រះនរោត្តមក៏បានឈប់ភ្លើងស្តុប ស្រាប់តែមានរថយន្តធុនធំក្រឡុកស៉ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-3035 ធ្វើដំណើរស្របទិសគ្នា ហើយខណៈភ្លើងស្តុបពណ៌បៃតងលេចឡើង រថយន្តទាំងពីរក៏បន្តដំណើរទៅមុខ ស្រាប់តែរថយន្តក្រឡុកស៉ីម៉ងត៍ដែលបើកនៅខាងឆ្វេងឡើងបត់ស្ដាំធ្វើឱ្យកៀររថយន្ត Lexus NX200t នោះបណ្ដាលឲ្យខូចខាតអស់មួយចំហៀងតែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ដើម្បីឲ្យភាគីទាំងពីរធ្វើការសម្រួលគ្នាតែសម្រួលមិនត្រូវ ក៏បានទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុក៕
ដោយ ៖ រ៉ារ៉ា