អន្តរជាតិ៖ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ដែលមានអាយុ៧៨ឆ្នាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីបី ឬដូសជំរុញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ លោក បៃឌិន បានថ្លែងពីសេតវិមាន សង្ឃឹមថា សកម្មភាពរបស់លោកពេលនេះ នឹងផ្តល់ឧទាហរណ៍ដ៏មានឥទ្ធិពលមួយសម្រាប់ពលរដ្ឋអាមេរិកទៅទទួលដូសទីបី និងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង។
ជាក់ស្ដែងក្នុងការទទួលបានការចាក់វ៉ាក់សាំងដូសជំរុញនេះដែរ លោក ចូ បៃឌិន ស្ថិតក្នុងក្រុមប្រជាជនអាយុលើស៦៥ឆ្នាំ បានអះអាងថា ភរិយារបស់លោក គឺលោកស្រី ជីល បៃឌិន វ័យ៧០ឆ្នាំ ក៏នឹងទទួលដូសជំរុញឆាប់ៗនេះដែរ។ លោកប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងបន្ថែមថា៖ «ដូសជំរុញមានសារសំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលយើងត្រូវធ្វើនោះជាការទទួលបានពលរដ្ឋបន្ថែមទៀតទៅចាក់វ៉ាក់សាំង»។ លោក បៃឌិន បានថ្លែងបន្តថា ប្រជាជនអាមេរិក ជាង២៣ភាគរយមិនទាន់ទៅចាក់វ៉ាក់សាំងនៅឡើយ។
បន្ថែមពីនេះ ប្រធានាធិបតីរូបនេះ បានច្រានចោលការរិះគន់ដែលថា អាមេរិកគួរបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមសម្រាប់តម្រូវការពិភពលោកជាជាងចាក់ដូសជំរុញសម្រាប់ពលរដ្ឋអាមេរិកផងដែរ។ លោក ចូ បៃឌិន បានសង្កត់ធ្ងន់ថា អាមេរិកកំពុងតែជួយផ្គត់ផ្គង់ ហើយអាមេរិកក៏បានផ្ដល់វ៉ាក់សាំងច្រើនជាងចំនួនវ៉ាក់សាំងប្រទេសផ្សេងៗទៀតបូកបញ្ចូលគ្នាទៀតផង។
ជាមួយគ្នានេះ បេីតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាម៉េរិក (CDC) កាលពីសប្តាហ៍មុន បានគាំទ្រការចាក់វ៉ាក់សាំងដូសជំរុញនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ពលរដ្ឋអាមេរិកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង ក្រុមមនុស្សពេញវ័យដែលស្ថិតក្រោមការព្យាបាលជំងឺផ្សេងៗ និងមនុស្សពេញវ័យដែលធ្វើការឬរស់នៅតំបន់ដែលមានហានិភ័យខ្ពស់។ ការចាក់ដូចជំរុញបច្ចុប្បន្នសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី២រួចបានរយៈពេល៦ខែឡើង។
គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង៤៣លានករណី, ខណៈដែលចំនួនអ្នកជំងឺកូវីដស្លាប់ប្រមាណ៧០ម៉ឺននាក់។ ចំណែកសម្រាប់អ្នកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញលេញ បានត្រឹមតែ ៥២ភាគរយប៉ុណ្ណោះ។ ដោយឡែកប្រជាជនដែលទទួលបានដូសទី១ ទេីបតែបានជាង៧០ភាគរយប៉ុណ្ណោះ៕ដោយ៖ស តារា
(រូបថត៖AFP/Getty)